សារព័ត៌មានថៃ៖ ឡាន​របស់ក្រុមហ៊ុន​វៀតណាម ទំនងជាលក់មិនដាច់នៅអាមេរិកឡើយ

  • 2023-02-16 03:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​របស់​ក្រុមហ៊ុនវៀតណាម VinFast ដែល​នាំយកទៅកាន់ទីផ្សារអាមេរិកនោះ ទំនង​ជាលក់មិនដាច់ឡើយ ដោយ​មកទល់ពេលនេះ VinFast មិនទាន់បាន​ប្រគល់រថយន្ត​ឱ្យអតិថិជន​ខ្លួនណាម្នាក់​នៅអាមេរិកនៅឡើយទេ ក្រោមលេសថា កំពុង​ធ្វើការអាប់ដេត Software។ នេះបើតាមការចុះផ្សាយ​របស់​សារព័ត៌មានថៃ Sanook។

ក្រុមហ៊ុន VinFast បាន​ប៉ុនប៉ង​បញ្ជ្រាប​រថយន្តខ្លួន​ចូលក្នុងទីផ្សារសាកល ដោយចាប់ផ្តើម​ចេញពីទីផ្សារ​អាមេរិកទៅមុន។ កាលពីប៉ុន្មានខែមុន រថយន្តចំនួន ៩៩៩គ្រឿងរបស់​ក្រុមហ៊ុន​វៀតណាមនេះ ត្រូវដឹកជញ្ជូន​ទៅអាមេរិក ប៉ុន្តែមកដល់ពេលនេះ មាន​រថយន្ត​ជាច្រើនរយគ្រឿង នៅទើត្រឹមកំពង់ផែ​អាមេរិកនៅឡើយ។

សារព័ត៌មានថៃនេះ បាន​លើកឡើងថា ការ​នាំចូលរថយន្តវៀតណាម VinFast VF8 ទៅក្នុងទីផ្សារអាមេរិក ក្នុងអំឡុងពេលនេះ គឺ​មិនមែន​ជាពេលវេលាល្អឡើយ ព្រោះថា Tesla កំពុង​លក់បញ្ចុះថ្លៃរថយន្ត​អគ្គិសនី​របស់ខ្លួន ដូចជា Model Y និង Model 3 ពោលគឺ​មានតម្លៃប្រហាក់ប្រហែល​ ឬទាបជាង រថយន្តអគ្គិសនី​វៀតណាម​នេះទៅទៀត។

ជាមួយគ្នានេះ អ្នកប្រើប្រាស់អាមេរិក នៅមិនទាន់ជឿជាក់​លើរថយន្តវៀតណាម​នៅឡើយទេ ទាំងគុណភាព ចម្ងាយ​បើកបរ និងសេវាកម្មក្រោយការលក់ ជាហេតុធ្វើឱ្យ VinFast ស្ទើរតែគ្មានច្រកណាដែល​អាច​លូកចូលទីផ្សារអាមេរិកងាយស្រួលឡើយ៕

ប្រភព៖ Sanook   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី