ឥណ្ឌូនេស៊ី ចង់ថែមកីឡាករចូលសញ្ជាតិ ក្នុងក្រុមបាល់បោះ ត្រៀមប្រកួតស៊ីហ្គេម នៅកម្ពុជា

  • 2023-02-16 08:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគមកីឡាបាល់បោះឥណ្ឌូណេស៊ី (Perbasi) ចង់បន្ថែមកីឡាករចូលសញ្ជាតិម្នាក់ទៀត សម្រាប់ក្រុមបាល់បោះជម្រើសជាតិឥណ្ឌូនេស៊ី ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ហើយការចង់បន្ថែមនេះក៏ព្រោះតែបច្ចុប្បន្នឥណ្ឌូនេស៊ី មានកីឡាករចូលសញ្ជាតិថ្មីតែម្នាក់គត់ គឺកីឡាករ Anthony Beane។

ក្រុមបាល់បោះជម្រើសជាតិឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ ដែលបានធ្វើឡើង កាលពីខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ហើយភាពជោគជ័យនេះ គឺមិនអាចកាត់ផ្តាច់ចេញពីវត្តមានរបស់កីឡាករ បានចូលសញ្ជាតិសំខាន់ៗ ដូចជាកីឡាករ Marques Bolden ដែលមានបទពិសោធន៍ក្នុងក្របខ័ណ្ឌបាល់បោះអាមេរិក NBA នោះដែរ។ ក្រៅពីនេះ ក៏មានកីឡាករវ័យក្មេង ដែលមានគុណភាព ជាបេក្ខភាពកីឡាករ NBA គឺ Derrick Michael ផងដែរ។

ប៉ុន្តែគួរឱ្យសោកស្ដាយ សមាគមកីឡាបាល់បោះឥណ្ឌូណេស៊ី នៅមិនទាន់ច្បាស់ថា កីឡាករទាំង២នាក់នេះ នឹងអាចបង្ហាញខ្លួនម្តងទៀត នៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះគឺដោយសារតែបច្ចុប្បន្ន Bolden កំពុងលេងនៅក្នុងក្របខណ្ឌ NBA G-League ជាមួយក្លិប Salt Lake City Star ខណៈដែល Michael ក៏កំពុងតែលេងឱ្យ Grand Canyon Antelopes នៅក្នុង United States Student Basketball League, NCAA។

បច្ចុប្បន្ននេះ មានតែកីឡាករ Anthony Beane ប៉ុណ្ណោះដែលស្ទើរតែប្រាកដក្នុងចិត្តថា អាចចូលរួមនៅស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីបានលេងយ៉ាងអស្ចារ្យជាមួយក្រុម Indonesia Patriots ក្នុងលីគបាល់បោះឥណ្ឌូនេស៊ី 2023 Indonesia Basketball League (IBL)។

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១៧ ខែឧសភា នៅកម្ពុជា ហើយឥណ្ឌូនេស៊ី គឺជាក្រុមការពារមេដាយមាស ដែលគេទើបតែឈ្នះលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ខណៈដែល ១៣លើកជាប់ៗគ្នាកន្លងមកនេះ គ្រប់គ្រងដោយ ហ្វីលីពីន តែមួយគត់៕

កែសម្រួល៖ សៀនហួរ

អត្ថបទថ្មី