Elon Musk ហាក់​មានប្រផ្នូលដឹងមុន​ថា Mark Zuckerberg នឹងដើរតាមគន្លងផ្លូវ​ដូច​លោក

  • 2023-02-21 06:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លាមៗ​បន្ទាប់​ពី​ស្ថាបនិក​ក្រុមហ៊ុន Meta លោក Mark Zuckerberg បាន​ប្រកាសពី​សេវា​បង់ប្រចាំខែ​សម្រាប់​គណនី Facebook និង Instagram ដែលហៅថា Meta Verified នោះ លោក Elon Musk ដែល​ជានាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន Twitter បាន​និយាយដូចមានប្រផ្នូលដឹងមុន​ថា វាជារឿងដែលចៀសមិនរួចនោះទេ សម្រាប់​ក្រុមហ៊ុន Meta ពោលគឺ​នឹង​ដើរតាមគន្លងផ្លូវដូច Twitter របស់លោកផងដែរ។

មហាសេដ្ឋី Elon Musk បាន​និយាយថា វាគឺចៀសមិនរួចនោះទេ ដែល Meta នឹង​ធ្វើតាម Twitter ចំពោះ​ការគិតថ្លៃសេវាប្រចាំខែពីអ្នកប្រើប្រាស់ ដើម្បីបាន​ទទួលការ​បញ្ជាក់គណនីផ្លូវការ ឬ Verified Account។

សូមជម្រាប​ថា មេក្រុមហ៊ុន Meta បាន​ប្រកាស​ពីគម្រោងបង់ថ្លៃនេះ ដោយ​តម្រូវ​ឱ្យអ្នកប្រើប្រាស់​ បង់ ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ​ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS។ នៅពេល​ទទួលបាន​សញ្ញាធីក​ពណ៌ខៀវ Verify នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook និង Instagram នឹងទទួលបាន​សុវត្ថិភាព​ជាងមុន ព្រមទាំងការការពារ​បន្ថែម​ពី​ការ​បន្លំគណនី ឬ Fake Account ពីជនទុច្ចរិត​ផងដែរ ហើយ​ជាពិសេសទៀត​នោះ គឺរាល់ពេលបង្ហោះ​អ្វីមួយ វានឹងបង្កើនចំនួន Reach កាន់តែ​ច្រើន​ជាងមុនទៀតផង។ ក្រៅពីនេះ Creator ក៏នឹង​ទទួលបាន​ Recommendation និង search ឆាប់រកឃើញ​ជាដើម។

ផែនការនេះ បន្ទាប់ពីលោក Elon Musk កាលពីខែធ្នូ បាន​សម្រេច​គិតថ្លៃ ៨ដុល្លារក្នុង១ខែ ឬ ៨៤ដុល្លារ​ក្នុង១ឆ្នាំ ពីអ្នកប្រើប្រាស់ Twitter នៅលើ web និង​ថ្លៃជាងនេះ​នៅលើ iOS និង Android ដើម្បីទទួលបាន​សញ្ញាធីកពណ៌ខៀវគណនី ឬ Verified Account ដែលទទួលបាន​អត្ថប្រយោជន៍​ស្រដៀងនឹង​ Facebook ខាងលើ​នេះ​ដែរ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សំភី