Kun Khmer War Of Kingdoms​ កម្មវិធី​លើក​កម្ពស់​កីឡាករ​កម្រិត​ B-C​ ឲ្យ​បាន​ប្រកួត​អន្តរជាតិ​

  • 2023-03-01 05:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ និង​លោក​ សំណព្វ​ បាន​រួម​គ្នា​បង្កើត​ជា​កម្មវិធី​ប្រដាល់​ Kun Khmer War Of Kingdoms​ ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ លើក​កម្ពស់​កីឡាករ​ កីឡា​ការិនី​កម្រិត​ B-C​ ឲ្យ​បាន​ប្រកួត​ជាលក្ខណៈ​អន្តរជាតិ​ពិសេស​​ដណ្ដើម​ពាន​តំណាង​ប្រទេស។​

សន្និសីទ​សារព័ត៌មាន​

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ​ថា​ ដោយ​មើល​ឃើញ​ថា​កីឡាករ​ កីឡា​ការិនី​កម្រិត​ B-C​ គឺ​មិន​សូវ​មាន​ឱកាស​ប្រកួត​អន្តរជាតិ​ ដូច្នេះ​លោក​រួម​គ្នា​ជាមួយ​ដៃគូ​ឧបត្ថម្ភ​បង្កើត​ជា​កម្មវិធី​ប្រដាល់​ Kun Khmer War Of Kingdoms នេះ​ឡើង។​ នេះ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ កីឡា​ការិនី​បាន​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ សន្សំ​បទ​ពិសោធ​ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​ក្បាច់​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។​

អ្នក​រៀបចំ​កម្មវិធី​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​នៅ​សប្ដាហ៍​ទី១​ នេះ​គឺ​មាន​កីឡាករ​ កីឡា​ការិនី​កម្ពុជា​សរុប​ ៧រូប​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ជា​មួយ​ក្រុម​ប្រទេស​ថៃ។​ ក្នុង​ចំណោម​៧រូប​ បើ​ក្រុម​ខាង​ណា​ (ខ្មែរ-ថៃ)​ ឈ្នះ​៤នាក់​នឹង​ទទួល​បាន​ពាន​រង្វាន់​របស់​ Kun Khmer War Of Kingdoms។​

សន្និសីទ​សារព័ត៌មាន​

ចំណែក​លោក​ សំណព្វ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ គោលបំណង​ធំ​មួយ​ទៀត​របស់​កម្មវិធី​គឺ​ការ​យក​ក្បាច់​គុន​បុរាណ​ខ្មែរ​មួយ​នេះ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស​ ពិសេស​ប្រទេស​យល់ព្រម​មក​ប្រកួត​លើ​វិញ្ញាសា​គុន​ខ្មែរ​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ​តែ​ម្ដង។​ ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ​បាន​ស្គាល់​អំពី​គុន​ខ្មែរ​កាន់​តែ​ច្បាស់​ថែម​ទៀត។​ អ្នក​រៀបចំ​រូប​នេះ​ក៏​អំពាវនាវ​ដល់​អ្នក​គាំទ្រ​ឲ្យ​ចូលរួម​ទស្សនា​ និង​លើក​ទឹកចិត្ត​ដល់​ការ​ប្រកួត​របស់​ Kun Khmer War Of Kingdoms​ ផង​ដែរ។​

កម្មវិធីប្រកួត

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​ Kun Khmer War Of Kingdoms​ គម្រោង​ធ្វើ​១ខែ​១ដង។​ ដោយ​ឡែក​សម្រាប់​សប្ដាហ៍​ទី១​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣​ ខែ​មិនា​ ឆ្នាំ​២០២៣​ ចាប់​ពី​ម៉ោង​ ៣រសៀល​តទៅ​នៅ​សង្វៀន​ទូរទស្សន៍​ TOWN៕

អត្ថបទ៖ នួន ស៊ីណា​