​iPhone 14 Pro ឈ្នះពាន​ស្មាតហ្វូនល្អបំផុតនៅ MWC 2023 ទាំងដែល Apple មិនចូលរួម

  • 2023-03-02 07:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីបើ Apple មិនបាន​ចូលរួម​ក្នុងព្រឹត្តិការណ៍ Mobile World Congress 2023 នៅទីក្រុងបាសេឡូណា ប្រទេស​អេស្ប៉ាញ ប៉ុន្តែ​ស្មាតហ្វូនរបស់​ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បែរ​ជាឈ្នះពានរង្វាន់ស្មាតហ្វូនល្អជាងគេ​ គឺ iPhone 14 Pro។

បន្ថែមលើសនេះ Apple ក៏ឈ្នះពាន​រង្វាន់មួយទៀតផងដែរគឺ Disruptive Device Innovation ពោលគឺ​បាន​ទៅលើ​មុខងារ Unique ដែលបំពាក់លើ ស៊េរី iPhone 14 នោះគឺជា​មុខងារ​ភ្ជាប់ផ្កាយរណប​ដែលអាចផ្ញើសារ និងខល ពេល​អ្នកប្រើប្រាស់​ស្ថិតក្នុង​តំបន់គ្មាន​សេវា ឬនៅ​តំបន់​គ្រោះថ្នាក់ (Emergency SOS via Sateliite)។ មុខងារ​នេះបាន​ធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង​ក្នុងឧស្សាហកម្មស្មាតហ្វូន។

គួរកត់សម្គាល់ដែរថា ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាពិសេស​ក្រុមហ៊ុនចិន បានបញ្ចេញ​ស្មាតហ្វូន និង​បច្ចេកវិទ្យាថ្មីៗរបស់ខ្លួន​ក្នុងព្រឹត្តិការណ៍​នេះរួមមានដូចជា៖

Xiaomi: បាន​បញ្ចេញកំពូលស្មាតហ្វូនម៉ូឌែល13 និង 13 Pro មានតម្លៃជាង ១ពាន់ដុល្លារ។

Lenovo: បាន​បញ្ចេញ​ Concept ឡេបថប និង​ទូរសព្ទ​ដែល​អាចមូល និងពន្លាអេក្រង់បាន។

Honor: បាន​បញ្ចេញ​ស្មាតហ្វូន​បត់អេក្រង់ទីមួយរបស់ខ្លួន និង​ស្មាតហ្វូនម៉ូឌែល Magic5។

OnePlus: បាន​បញ្ចេញ​ Concept ស្មាតហ្វូន​ដែលបំពាក់​ជាមួយ​ប្រព័ន្ធត្រជាក់​បំផុត​ សម្រាប់កាត់បន្ថយកម្តៅ និង​​ជួយ​ដល់​ល្បឿន​ពេល​លេងហ្គេម ព្រមទាំងការសាកថ្មលឿន។

HMD: បាន​បញ្ចេញ​ស្មាតហ្វូន Nokia G22 ដែល​អាច​ធ្វើការ​ផ្លាស់ប្តូរថ្ម​ដោយខ្លួនឯងត្រឹមតែ ៥នាទី និង​អាចផ្លាស់ប្តូរអេក្រង់ ប្រហែល២០នាទី ដោយភ្ជាប់មក​ស្រាប់​ជាមួយ​ឧបករណ៍​ជួសជុល។

យ៉ាងណាក៏ដោយ​ ក្រៅពីក្រុមហ៊ុនចិនខាងលើនេះ ក៏មាន​ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ដែលបាន​ប្រកាសថា ការប្រើប្រាស់ Chrome នៅលើ Android គឺ​អនុញ្ញាតឱ្យពង្រីក​អក្សរ រូបភាព វីដេអូ និងប៊ូតុង​លើអេក្រង់ រហូតដល់ ៣០០% ឯណោះ។

ចំណែក​ Motorola បាន​បញ្ចេញ Accessory មួយហៅថា Defy Satellite Link Bluetooth ដែល​អាច​ឱ្យ​ស្មាតហ្វូន​ភ្ជាប់មុខងារ​ជាមួយផ្កាយរណប​ ក្នុងការផ្ញើសារ ពេល​អ្នកប្រើប្រាស់​ស្ថិតក្នុងតំបន់គ្មានសេវា ឬដាច់ស្រយាល៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម