Ten Hag ដាក់​ទណ្ឌកម្ម​កីឡាករ​បិសាច​ក្រហម ក្រោយ​ចាញ់​ហង្ស​ក្រហម ៧-០

  • 2023-03-07 11:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Manchester United លោក Erik Ten Hag បាន​ដាក់​ទណ្ឌកម្ម​កីឡាករ​បិសាច​ក្រហម ក្រោយ​ចាញ់​ Liverpool ៧-០ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​ The Mirror មួយ​ថ្ងៃ​ក្រោយ​មក លោក​បាន​ដាក់ទណ្ឌកម្ម​កីឡាករ​បិសាច​ក្រហម ដោយ​ឲ្យ​ពួក​គេ​អង្គុយ​ឲ្យ​ស្ងៀម ហើយ​មើល​វីដេអូ​មួយ​ដែល​ក្រុម​កីឡាករ​ Liverpool សម្ដែង​ការ​អបអរ​យ៉ាង​ខ្លាំង ក្រោយ​ឈ្នះ Manchester United ៧-០។

បន្ថែម​ពី​លើ​នេះ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា​ទៀត​ថា លោក Ten Hag បាន​និយាយ​ទៅ​កីឡាករ​បិសាច​ក្រហម​ថា​ពួក​គេ​សំណាង​ហើយ​ ដែល​មិន​បាន​ជិះ​មក​ទី​ក្រុង​ Manchester វិញ ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន។ លោក​ថា អ្នក​គាំទ្រ​ទាំង​នោះ​ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​មក​មើល​បិសាច​ក្រហម​លេង តែ​បែរ​ជា​ចាញ់​យ៉ាង​អាម៉ាស់​ទៅ​វិញ​ក្រោម​ថ្វី​ដៃ​ Liverpool។

អ្នក​ចាត់​ការ​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា បើ​បិសាច​ក្រហម​ហ៊ាន​តែ​ចាញ់​ខ្លាំង​បែប​នេះ លោក​នឹង​តម្រូវ​ឲ្យ​ពួក​គេ​មក​ហ្វឹកហាត់​បន្ថែម​ជាមួយ​ក្រុម​ U-២១ ហើយ​នឹង​ត្រូវឲ្យ​ទៅ​ប្រឹក្សា​យោបល់​​ជាមួយ​អ្នក​ជំនាញ​ចិត្ត​សាស្ត្រ​បន្ថែម​ទៀត​ផង។

Man Utd នឹង​ត្រៀម​ទទួល​ក្លឹប Real Batis ក្នុង​កម្មវិធី Europa League នៅ​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី