រងពាក្យរិះគន់លើកនេះ ធ្វើឲ្យ គូម៉ា មើលឃើញថាការសម្រេចចិត្ដទាំងពីរចំណុចរបស់លោក ពិតជាត្រឹមត្រូវ
- 2023-03-14 03:13:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រងពាក្យរិះគន់លើកនេះ ធ្វើឲ្យ គូម៉ា មើលឃើញថាការសម្រេចចិត្ដទាំងពីរចំណុចរបស់លោក ពិតជាត្រឹមត្រូវ
ចន្លោះមិនឃើញ
បន្ទុះ នៃការរិះគន់តារាចម្រៀងប្រចាំផលិតកម្មថោនលោក គូម៉ា ពីសំណាក់មហាជន មិនទាន់អស់កំដៅនៅឡើយ ហើយលោកក៏ឆ្លៀតពន្យល់ទស្សនិកជន ជាពិសេសអ្នកដែលបានទៅចូលរួមទស្សនាកម្មវិធីប្រគំតន្ដ្រីដោយផ្ទាល់នាខេត្ដបាត់ដំបងកាលពីល្ងាចថ្ងៃទី១២ ខែមីនា ហើយបានឃើញក្រុមការងារថតម្នាក់ធ្លាក់ពីលើឆាក ប៉ុន្ដែអ្នកខ្លះមិនទទួលយកការពន្យល់នេះទេ។
គិត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ បើទោះបីជាទស្សនិកជនទទួលយក ឬមិនទទួលនូវពាក្យបកស្រាយ ប៉ុន្ដែគូម៉ា បានបញ្ជាក់តាមរយៈSabay ថា រូបលោកពិតជាមានការសោកស្ដាយចំពោះហេតុការធ្លាក់ពីលើឆាករបស់ប្អូនប្រុសម្នាក់ដែលកំពុងឈរកាន់កាមេរ៉ាឈរថតLive នៅចំពីមុខរបស់លោក។ ប៉ុន្ដែលោក ក៏អគុណដែរចំពោះទឹកចិត្ដស្រឡាញ់គ្នា ព្រមទាំងចេះឈឺឆ្អាលចង់ឲ្យមានការជួយគ្នាក្នុងគ្រាមានគ្រោះថ្នាក់ ព្រោះលោកមានហេតុផលត្រឹមត្រូវ។
លោក គូម៉ា៖ “គ្រាន់តែធ្លាក់ភ្លាម! ចិត្ដប្អូនច្របូកច្របល់បាត់ហើយ តែក្រុមការងារនៅខាងក្រោមលើកដៃជាសញ្ញាឲ្យច្រៀងបន្ដទៀត ខ្ញុំក៏គិតដល់ក្រុមការងាររហូត…ប៉ុន្ដែការសម្រេចចិត្តពេលហ្នឹង វាធ្វើឡើងដោយសារហេតុផលពីរ គឺទី១ ជាកម្មវិធីផ្សាយផ្ទាល់ ហើយមួយទៀតបើពេលហ្នឹងខ្ញុំមាន Reaction ឬឈប់ច្រៀង ហើយស្ទុះទៅជួយ វានាំឲ្យមានភាពឆោឡោ ឬចលាចល អាចប៉ះពាល់ដល់បងប្អូនដែលកំពុងចូលរួមរាប់ពាន់ រាប់ម៉ឺននាក់ផ្សេងទៀត”។
ដោយមានឃើញការរិះគន់កាន់តែច្រើនលើតារាចម្រៀង គូម៉ា លោក ប៉ែន ចំរុង ដែលធ្វើជាពិធីករក្នុងកម្មវិធីនោះ បានជួបសម្ភាសន៍ប្អូនប្រុសដែលធ្លាក់ពីលើឆាកនោះផ្ទាល់។ ពេលនោះប្អូនប្រុសមិនបានប្រកាន់ខឹងនឹងលោក គូម៉ា ទេ ព្រោះមានក្រុមការងារជាច្រើនទៀតនៅខាងក្រោមឆាកបានស្ទុះមកជួយ ហើយដល់ច្រៀងចប់ភ្លាម គូម៉ា ក៏រត់ចុះទៅសួរនាំភ្លាមៗដែរ។
សម្រាប់គូម៉ា ខ្លួនឯងក៏បញ្ជាក់ថា លោកបានទៅសួរនាំក្រុមការងារដែលគ្រោះថ្នាក់នោះភ្លាមៗចំនួនពីរលើកដែរ ហើយប៉ុន្មានថ្ងៃមកនេះលោកក៏នៅតែថ្លែងពាក្យអគុណ និងទទួលយកពាក្យរិះគន់ក្នុងន័យស្ថាបនា ឬចេតនាល្អពីមហាជន ទាំងតាមបណ្ដាញសង្គមហ្វេសប៊ុក និងផ្ទាល់មាត់។ ទាក់ទងរឿងនេះ មានមិត្ដសិល្បៈខ្លះបានលើកឡើងថា ការមិនអើពើ ឬមិនជួយសង្គ្រោះភ្លាមៗចំពោះក្រុមការងារពេលជួបគ្រោះថ្នាក់ វាមិនមែនជាចរឹតពិតរបស់គូម៉ាទេ។ ប៉ុន្ដែដូចហេតុផលដែលបានលើកឡើងទាំងពីររបស់គូម៉ា ទើបធ្វើឲ្យលោក ទ្រាំទទួលយកពាក្យរិះគន់ធ្ងន់ៗ ប៉ុន្ដែវាអាចដោះស្រាយស្ថានការភ្លាមៗបាន រហូតដល់មានការសរសើរពីអ្នករៀបចំកម្មវិធីខ្លះផង៕