Thiago ថា ខ្លួន​គេ​មិន​ដែល​ដឹង ពិភព​លោក​ក៏​មិនដឹងដូច​គ្នា តែ​ឥឡូវ​ច្បាស់​ហើយ​ពី "គុន​ខ្មែរ" និង"មួយថៃ"

  • 2023-03-17 07:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​ជន​ជាតិ​ប្រេស៊ីល Thiago Teixeira ថ្មី​ៗ​នេះ បាន​ពោល​ពាក្យ​ថា តាំង​ពី​យូរយារ​មក​ហើយ រូប​គេ រួម​ទាំង​ពិភព​លោក​ដែរ មិន​បាន​ដឹង​សោះ​ថា អ្នក​ណា​ជា​ម្ចាស់​ក្បាច់​ប្រដាល់​ពិត​ប្រាកដ តែ​ឥឡូវ​គេ​ដឹង​ច្បាស់​ហើយ។

Thiago បាន​សរសេរ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​គេ ក្រោយ​ពី​បាន​ទៅ​ទស្សនា​ខេត្ត​សៀមរាប​ជា​លើក​​ទី​១ ក្នុង​បេសកកម្ម​ស្វែង​រក​ការ​ពិត​មួយ​ពី​ក្បាច់​គុន​ប្រដាល់។ បេសកកម្ម​ដែល​ដឹកនាំ​ដោយ ឧកញ៉ា ស្រី ចាន់ថន អគ្គលេខធិការ​រង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ធ្វើ​ឲ្យ កីឡាករ​ប្រដាល់​សញ្ជាតិ​ប្រេស៊ីល​បាន​ភ្លឺ​ភ្នែក​នូវ​រឿង​មួយ​ដែល​គេ​លើក​ឡើង​ថា វា​ជា​ការ​ដែល​គេ​បាន​យល់​ខុស​ជាង ១០​ឆ្នាំ​មក​ហើយ។

Thiago Teixeira បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា "នេះ​ជា​បទ​ពិសោធន៍​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ...ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​ទី​កន្លែង​នៃ​ក្បាច់​គុន ដែល​ខ្ញុំ​បាន​ហាត់​រៀន​តាំង​ពី​អាយុ ១៦​ឆ្នាំ​មុន ជា​ក្បាច់​គុន​ដែល​​ខ្ញុំ​បាន​ហៅ​ថា "Muy Thai”...ថ្ងៃ​នេះ​ខ្ញុំ​បាន​ស្វែងរកឃើញ​ថា អ្វី​ដែល​ខ្ញុំ​តែង​តែ​ហាត់នោះ គឺ​ជា គុន​ខ្មែរ​សោះ!”។

កីឡាករ​ប្រដាល់​បរទេស​រូប​នេះ បញ្ជាក់​បន្ថែម​ថា រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ចំពោះការ​រក​ឃើញ​ការពិត​នេះ ដែល​ថា ក្បាច់​គុន "មួយថៃ" គឺ​មាន​កំណើត​ចេញ​ពី "គុន​ខ្មែរ"។ នេះ​ជា​រឿង​ដែល​រូប​គេ​មិន​ដែល​ដឹង​អស់​រយៈ​ពេល ១៨​ឆ្នាំ ក្នុង​នោះ​អ្នក​ប្រដាល់​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក ក៏​មិន​ដែល​ដឹង​ដូច​គ្នា។

ដូច្នេះ​ហើយ​ តាម​រយៈ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ Thiago បាន​លើក​ឡើង​ថា រូប​គេ​នឹង​ព្យាយាម​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​ទៅ​កាន់​ពិភព​លោក។

Thiago Teixeira ក្រោយ​ពី​របគគំហើញ​នេះ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​គេ​ហើយ។ ប៉ុន្តែ​តាម យៈ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ឲ្យ​ដឹង​ថា រូប​គេ​នឹង​វិល​ត្រឡប់​មក​កម្ពុជា​ជា​ថ្មី​នៅ​ដើម​ខែ​មេសា ២០២៣ ដើម្បី​បន្ត​កិច្ចការ​ងារ​របស់​គេ​អំពី​គុន​ខ្មែរ​នៅ​កម្ពុជា។

Thiago Teixeira បាន​លង់​ចិត្ត​ស្រឡាញ់​ប្រទេស​និង​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ឡើង​មក​ប្រកួត​ជាមួយ កីឡាករ​កម្ពុជា ធឿន ធារ៉ា កាល​ពី​ខែ​មុន។ ត្បិត​ថា​រូប​គេ​បរាជ័យ​នៅ​លើ​សង្វៀន ប៉ុន្តែ​គេ​បាន​ឈ្នះ​បេះដូង​ប្រជាជន​កម្ពុជា ក្រោយ​ពី​រូប​គេ​បាន​បង្ហាញ​សកម្មភាព​ស្រឡាញ់ និង​គោរព​វប្បធម៌របស់​កម្ពុជា​យ៉ាង​បើក​ចំហរ។

កីឡាករ​ប្រេស៊ីល បាន​សច្ចា​ថា នឹង​មករស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ ហើយ​រូប​គេ​ក៏​មាន​បំណង​នាំ​ក្រុម​គ្រួសារ​មក​រួម​រស់​ជាមួយ​ប្រជាជន​កម្ពុជា​នា​ពេល​អនាគត​ឆាប់​ៗ​នេះ​ដែរ៕​

អត្ថបទ៖ ទារិកា