ពិធីរត់ដង្ហែភ្លើងគប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចាប់ផ្តើមនៅទីក្រុងហាណូយ ប្រទេសវៀតណាម

  • 2023-03-24 03:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ នាទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ការដង្ហែទៅប្រទេសវៀតណាម គឺដើម្បីត្រៀមរៀបចំប្រារព្ធធ្វើពិធីរត់ភ្លើងគប់ ជាផ្លូវការ ដែលនឹងធ្វើនៅក្នុងទីក្រុងហាណូយ ជុំវិញបឹង Ho Guom នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ។ ក្នុងពិធីដង្ហែព្រះអគ្គីកីឡា ក៏មានវត្តមាន សិស្ស-និស្សិតរបស់កម្ពុជា ព្រមទាំងប្រជាជនកម្ពុជា ប្រហែលជា១០០នាក់ផងដែរបាន ចូលរួម។

ក្រៅពីនោះមានអត្តពលិកវៀតណាម ប្រមាណ ៣០០នាក់ និងវត្តមានប្រតិភូកម្ពុជា ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដង្ហែព្រះអគ្គិជ័យកីឡា, លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម។

រួមជាមួយវត្តមានភាគីវៀតណាម ឯកឧត្តម ហ័ង ដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ដាំង ហាវៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម ថ្នាក់ដឹកនាំតំណាងក្រសួងការបរទេសវៀតណាម ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ព្រមទាំងមានការចូលរួមអបអរសាទរពីយុវជន មហាជនជាច្រើន​ទៀត ៕

អត្ថបទពេញនិយម