កុំមើលរំលង! ក្ងានក្បាលតោ មានហាងឆេងខ្លាំងអាចលក់មេបា១គូ តម្លៃដល់៤០០ដុល្លារ ទៅ ១០០០ដុល្លារ

  • 2023-04-06 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ងានក្បាលតោ ជាសត្វមួយប្រភេទដែលងាយស្រួលចិញ្ចឹមនិងមានទីផ្សារ ជាពិសេសអាចចិញ្ចឹមលម្អសម្រាប់ទាក់ទាញភ្ញៀវទេសចរបានថែមទៀតផង ដោយសារក្ងានក្បាលតោមានរូបរាងស្រស់ស្អាត។

លោក ហាច ឆន ស្ថាបនិក កសិដ្ឋាន៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កសិដ្ឋាន៤០០មានចិញ្ចឹមសត្វបក្សី សត្វក្នុងទឹក និងការដាំដំណាំ និងប្រភេទសត្វជើងបួន ហើយបច្ចុប្បន្ននេះដែរ ក៏មានចិញ្ចឹមក្ងានក្បាលតោសម្រាប់លក់ទៅក្នុងទីផ្សារ ក៏ដូចជាចិញ្ចឹមលម្អក្នុងកសិដ្ឋាន៤០០ផ្ទាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកលេងកម្សាន្ត។លោកបានបន្តថា សម្រាប់ឈ្មោះក្ងានក្បាលតោនេះដែរ គឺដោយសារប្រជាពលរដ្ឋខ្មែរមើលឃើញក្បាលរបស់វាធំហើយមាឌរបស់វាធំ ដូច្នេះហើយក៏ហៅតៗគ្នាថាក្ថានក្បាលតោ។

លោកបានបន្ថែមថាប្រភពដើមរបស់ក្ងានក្បាលតោ គឺជាពូជរបស់បរទេស គឺប្រទេសថៃបានជ្រើសរើសពូជរបស់ក្ងានក្បាលតោ ពីសហគមន៍អឺរ៉ុប យកមកចិញ្ចឹមមុនគេ ហើយក៏បានសាយភាយមកកម្ពុជា ក្នុងនោះដែរ ប្រទេសកម្ពុជាយើងក៏បានមើលឃើញថា នេះជាពូជល្អ ហើយក៏យើងបានទាក់ទងទិញដើម្បីយកមកចិញ្ចឹមជាលក្ខណៈគ្រួសារ និងដើម្បីបង្កាត់ពូជចិញ្ចឹមបន្តទៀត ឬក៏អាចនិយាយបានថាយកមកចិញ្ចឹមជាលក្ខណៈទេសចរណ៍ ដោយសារតែវាមានមាឌធំរូបរាងរបស់វានិងពណ៌សម្បុររបស់វាគឺមានភាពទាក់ទាញផងដែរ។

ទម្ងន់របស់វា មានចន្លោះពី៥គីឡូក្រាមទៅ៨គីឡូក្រាមក្នុង១ក្បាល។ លោកបានបញ្ជាក់ថា សារប្រយោជន៍បើសិនជាយើងចិញ្ចឹមយកសាច់ គឺយើងអាចបានសាច់វាច្រើន ហើយបើយើងចិញ្ចឹមយកលក់ គឺយើងអាចលក់បានតម្លៃថ្លៃ នៅលើទីផ្សារបច្ចុប្បន្ន ហើយវាមានភាពទាក់ទាញដល់អ្នកដទៃ ដែលគេមើលឃើញវា ហើយវាអាចទាក់ទាញភ្ញៀវទេសចរ អាចមកចូលមើលកន្លែងរមណីយដ្ឋាន ផ្សេងៗដែលគេចិញ្ចឹមក្ងានក្បាលតោនេះ ។

« កសិដ្ឋាន៤០០យកពូជនេះមកចិញ្ចឹម គឺមានគោលបំណងក្នុងការបង្កើតភាពទាក់ទាញ ផ្នែកទេសចរណ៍ផងដែរ ហើយក៏ចង់បានឲ្យមានពូជនៅក្នុងកសិដ្ឋានផងដែរ ហើយក្ងាននេះលោកបានចិញ្ចឹមអស់រយៈពេលបីឆ្នាំហើយ សម្រាប់ក្ងានក្បាលតោគឺយើងបានយកមកចិញ្ចឹម គឺមានពីរពូជ ទីមួយគឺពូជក្ងានក្បាលតោពណ៌សដែលមានតម្លៃក្នុង១គូ៨០ ទៅ១០០ដុល្លារ និងក្ងានក្បាលតោពណ៌ប្រផេះក្នុង១គូ៤០០ ទៅ៦០០ដុល្លារ»។

សូមបញ្ជាក់ថា កសិដ្ឋាន៤០០មានទីតាំងស្ថិតនៅ ភូមិអូរូណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបានចាប់ផ្ដើមចិញ្ចឹមក្ងានក្បាលតោនេះអស់រយៈពេល៣ឆ្នាំមកហើយ និងមានតម្លៃមេបា១គូ៤០០ដុល្លារ ដល់ ១០០០ដុល្លារ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទថ្មី