ប៉ែន ចំរុង ប្រកាសគាំទ្រ ព្រំ សំណាង ក្នុងជំនួបជាមួយស្ដេចប្រដាល់ភូមាក្នុងពេលដ៏ខ្លីខាងមុខនេះ

  • 2023-04-07 03:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករ និងជាតារាសម្ដែងដែលតែងតែចូលរួមការងារសង្គម ប៉ែន ចំរុង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ ប្រកាសគាំទ្រកីឡាករ ព្រំ សំណាង យ៉ាងពេញទំហឹងចំពោះជំនួបលើសង្វៀនប្រដាល់ជាមួយកីឡាករប្រដាល់ភូមា។ បន្ទាប់ពីបញ្ចេញសារនេះ លោកក៏ឆ្លៀតប្រាប់មហាជនឲ្យបញ្ចេញមតិដោយថ្លៃថ្នូរ ឬរិះគន់ក្នុងន័យស្ថាបនា ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនលោក ប៉ែន ចំរុង និយាយថា៖ “ពូណាង ប្រឹងឡើងកុំបណ្ដោយ បើនៅតែវាយធ្លាក់ដៃអីចឹងទៀត ពិបាកយកឈ្នះស្ដេចប្រដាល់គេហើយ…ស៊ូៗ ខ្ញុំគាំទ្រពេញទំហឹង…ស្រឡាញ់គុនខ្មែរ”។ ភ្ជាប់ជាមួយសំណេរនេះលោកក៏បានសុំចិត្ដបងប្អូន រិះគន់ក្នុងន័យស្ថាបនា ដែលដឹងជាមុនថាពេលបង្ហោះសារនេះទៅនឹងមានមតិខ្លះមិនយល់ស្រប។

ភ្លាមនោះ មានបុរសម្នាក់ចូលទៅខមិនថា៖ “ធ្វើម៉េចបើទម្រង់គាត់វាយបែបហ្នឹង....ហើយបងទើបគុណខ្មែរល្បី ទើបបងចាប់ផ្ដើមតាមដាន? ក្បាច់កីឡាករវាយខុសៗគ្នា គាត់វាយបែបនេះតាំងពីដើម បើឱ្យគាត់កែត្រូវចាយពេលបន្តទៀត បងរិះគន់ក្នុងន័យស្ថាបនា ឬសើចចម្អក យើងជាខ្មែរដូចគ្នា កីឡាវាមានភាពប្រែប្រួល១៩០° "អ្នកអង្គុយចាំតែមើល មិនដូចអ្នកឡើងវាយទេ”។

បុរសម្នាក់នេះក៏បានបន្ដថា គាត់លំបាករាប់ឆ្នាំហើយ បងប្អូនមានដែលគិតទេ មានអ្នកជួយទេ ហើយពីមុនគុណខ្មែរមានមនុស្សប៉ុន្មាននាក់ដែលតាមដាន...កុំល្បីរឿងគុណខ្មែរ ហើយស្រែកថាខ្លួនឯងជាហ្វេនគុណខ្មែរ តាំងពីដើមទាំងមិនដែលមើលគុណខ្មែរផង។ ទោះជាយ៉ាងគេនៅមិនទាន់ឃើញលោក ប៉ែន ចំរុង ចូលឆ្លើយតបនឹងការរិះគន់នេះនៅឡើយទេ ខណៈដែលមានប្រិយមិត្ដជាច្រើនទៀតបានណែនាំឲ្យ ព្រំ សំណាង បង្កើនការហាត់។

តាមគម្រោងកីឡាករប្រដាល់លំដាប់កំពូលរបស់កម្ពុជា ព្រំ សំណាង នឹងជួបជាមួយស្ដេចប្រដាល់ពីប្រទេសភូមាឈ្មោះ Dave Leduc ដោយអ្នកទាំងពីរបានយល់ព្រមទទួលយកការផ្គូផ្គងនេះហើយ។ ការប្រកួតកាន់តែខិតជិតចូលមកដល់ មានមហាជន ក្នុងនោះក៏មានអ្នកសិល្បៈខ្លះដែរបានបង្ហាញមោទកភាព និងលើកទឹកចិត្ដឲ្យព្រំ សំណាង ប្រឹងប្រែងហ្វឹកហាត់ ដើម្បីនាំយកកេរ្ដិ៍ប្រដាល់គុនខ្មែរ ជូនជាតិឲ្យកាន់តែល្បីថែមមួយកម្រិតទៀត៕

ជិន សុភ័ក្ដ្រ