១៤មេសានេះ ជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឬជាថ្ងៃមហាសង្ក្រាន្ត
- 2023-04-14 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៤មេសានេះ ជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឬជាថ្ងៃមហាសង្ក្រាន្ត
ចន្លោះមិនឃើញ
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬហៅថា ជាថ្ងៃមហាសង្ក្រាន្ត ដែលប្រជាជនខ្មែរ បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និងមានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ ។
គ្រឿងរណ្ដាប់ មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន ៥, ធូប ៥, ផ្កាភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន ។ នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ។
ចូលឆ្នាំខ្មែរឆ្នាំនេះ គឺជាមហាសង្ក្រាន្តឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចុល្លសករាជ១៣៨៥ ចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល។ ពេលនោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅមេសរាសី តាមគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម កិមិរាទេវី គង់ឯចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សេត ឬពណ៌ស ។ ព្រះកាណ៌ទ្រង់សៀតផ្កាចង្កុលណី មានន័យថាជាអម្បូរផ្កាឈូក-លំចង់ ជាដើម ។ អាភរណៈទ្រង់បុស្សរាគ័ម (ត្បូងពណ៌លឿង) ព្រះហស្ថស្តាំទ្រង់ព្រះខ័ន(ដាវមុខ២) ព្រះហស្ថឆ្វេងទ្រង់ពិណ(ចាប៉ី) ភក្សាហារចេកទឹក (ឬ ចេកណាំវ៉ា) គង់ពាក់ឆៀងលើខ្នងមហិង្ស(ឬសត្វក្របី) ជាពាហនៈ។
ថ្ងៃមហាសង្រ្កាន្ត ជាពាក្យកម្ចីពីឥណ្ឌា (សំស្ក្រឹត) ដែលប្រែថា ដំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា ទាំង៧ ដែលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ៕