កម្ពុជា ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារកូរ៉េ

  • 2023-05-05 03:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់​ផ្ដើម​ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេស​ចរណ៍​កម្ពុជា​នៅ​លើ​ទីផ្សារ​កូរ៉េ សំដៅ​ធ្វើ​យ៉ាង​ណា​ទាញ​កំណើន​ភ្ញៀវទេសចរ​ធ្វើ​ដំណើរ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ផែន​ការ​នេះ ធ្វើ​ឡើង​តាម​រយៈ​ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថានឯកអគ្គ​រាជទូតកម្ពុជា ប្រចាំប្រទេស​​​កូរ៉េ និងស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសកូរ៉េ បានដឹកនាំផ្នែកឯកជនជាង១០ក្រុមហ៊ុនចូលរួមពិពរ័ណ៍ទេសចរណ៍អន្តរជាតិ Seoul International Travel Fair 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

កិច្ចការ​នេះ​ដែរ ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយ​វិស័យ ទេសចរណ៍កម្ពុជាឡើងវិញ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (២០២០-២០២៥) និងបន្តផ្សព្វ​ផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងកម្ពុជាជាគោលដៅទេសចរណ៍កីឡា «កីឡារស់ក្នុង​សន្តិភាព»​ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងព្រឹត្តិ​ការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដោយផ្ដោតសំខាន់ទៅលើកីឡា និង MICE​ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនខ្មែរដែលរស់នៅប្រទេស​កូរ៉េ ដោយមានការចូលរួមពី​សំណាក់ប្រតិបត្តិករផ្នែកទេសចរណ៍កូរ៉េ អ្នកលក់ អ្នកទិញ អ្នកសារពត៌មានជាតិ និងអន្តរជាតិកូរ៉េ ប្រមាណ​៥០០​ក្រុមហ៊ុនមកពីបណ្តាប្រទេសក្នុងពិភពលោក។

ក្នុង​ថ្ងៃ​ដំបូង​នៃ​កម្មវិធី ក្រសួងទេសចរណ៍បានរៀបចំកម្មវិធី Cambodian Tourism Roadshow នៅ​ក្នុង​កម្មវិធី ពិពរ័ណ៍ទេសចរណ៍អន្តរជាតិ Seoul International Travel Fair 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយមានការចូលរួមពីប្រតិបត្តិករកម្ពុជាជាង១០ក្រុមហ៊ុន និងប្រតិបត្តិករទេសចរកូរ៉េជាង១០០ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា យោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២,២៧៦,៦២៦ នាក់ កើនឡើង១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរកូរ៉េមាន​ចំនួន​៦៤,០៤០នាក់ មានការកើនឡើង ៩៥៤.៣% បើធៀបនឹងឆ្នាំ២០២១។​ ដោយឡែកត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរកូរ៉េ​ ៥២,៥៧៨នាក់ មានការកើនឡើង ១១១៥.៤% ធៀបនឹង​រយៈ​ពេលដូចគ្នា​ឆ្នាំ២០២២ ដែល​ស្ថានភាព​សបញ្ជាក់ថា ស្ថានភាពទេសចរណ៍កម្ពុជាកំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរកូរ៉េប្រមាណ ៨ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី