អាជ្ញាធរអាមេរិករកឃើញថា ឡានវៀតណាម VinFast មានហានិភ័យសុវត្ថិភាព
- 2023-05-25 09:05:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរអាមេរិករកឃើញថា ឡានវៀតណាម VinFast មានហានិភ័យសុវត្ថិភាព
ចន្លោះមិនឃើញ
ក្រុមហ៊ុនវៀតណាម VinFast បានហៅត្រឡប់ចូលរោងចក្រវិញនូវរថយន្តដែលខ្លួនទើបតែដាក់លក់នៅសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក (NHTSA) បានរកឃើញភាពមិនប្រក្រតីអំពីសុវត្ថិភាពរបស់រថយន្ត VinFast នេះ។
អាជ្ញាធរ NHTSA បានលើកឡើងថា រថយន្តអគ្គិសនី VF8 ចំនួន ៩៩៩ គ្រឿង មានបញ្ហា (error) software ក្នុងអេក្រង់ថាច់ស្គ្រីន ដែលមិនបង្ហាញព័ត៌មានសុវត្ថិភាពសំខាន់ៗ ដោយបញ្ហានេះ អាចបង្កើនហានិភ័យគ្រោះថ្នាក់ចរាចរណ៍បាន។
យ៉ាងណាមិញ តាមរយៈការឆ្លើយតបបញ្ជាក់របស់ VinFast ទៅកាន់ NHTSA បង្ហាញថា ការពិតគឺក្រុមហ៊ុននេះ បានចាប់ផ្តើមដឹងពីបញ្ហាខាងលើតាំងពីខែមុនមកម្ល៉េះ បន្ទាប់ពីទទួលបានការរិះគន់ពីអ្នកប្រើប្រាស់ជាបន្តបន្ទាប់។
គួរកត់សម្គាល់ដែរថា កាលពីខែកុម្ភៈកន្លងទៅ VinFast បានសុំពន្យារពេលប្រគល់រថយន្ត VF8 នេះ ឱ្យអតិថិជន ដែលបានកម្មង់ទិញរួចហើយ ដោយសារតែមិនទាន់បានបញ្ចប់ការអាប់ដេត Software។
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Sanook ថ្មីៗនេះ បានរៀបរាប់ថា រថយន្តរបស់ក្រុមហ៊ុនវៀតណាម VinFast ដែលនាំយកទៅកាន់ទីផ្សារអាមេរិកនោះ ទំនងជាលក់មិនដាច់ឡើយ។ សារព័ត៌មាននេះអះអាងថា អ្នកប្រើប្រាស់អាមេរិក នៅមិនទាន់ជឿជាក់លើរថយន្តវៀតណាមនៅឡើយទេ ទាំងគុណភាព ចម្ងាយបើកបរ និងសេវាកម្មក្រោយការលក់ ជាហេតុធ្វើឱ្យ VinFast ស្ទើរតែគ្មានច្រកណាដែលអាចលូកចូលទីផ្សារអាមេរិកងាយស្រួលឡើយ៕