ខួបកំណើតម្ដាយ ប៉ែន ចំរ៉ុង ឆ្នាំនេះ សាយ សៀរ៉ា ឆ្លៀតយកនំទៅពញ្ញាក់អារម្មណ៍គាត់មុនគេ

  • 2023-06-07 04:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករ សាយ សៀរ៉ា បានទិញនំខួបកំណើតដ៏ស្រស់ស្អាតមួយ ទៅពញ្ញាក់អារម្មណ៍ឪពុក-ម្ដាយសម្លាញ់របស់ខ្លួន គឺលោក ប៉ែន ចំរ៉ុង ដល់គេហដ្ឋាន នាស្រុកថ្មគោល ខេត្ដបាត់ដំបងតែម្ដង។ ដល់ថ្ងៃខួបកំណើតម្ដាយរបស់ ប៉ែន ចំរ៉ុង ហើយលោកមិនបាននៅជិតម្ដាយ ស្រាប់តែ សៀរ៉ា ធ្វើជំនួសតែម្ដង។

សកម្មភាពមនុស្សធម៌ ឬការបង្កើតភាពកក់ក្ដៅសម្រាប់មនុស្សចាស់ ត្រូវបានគេមើលឃើញតារាប្រុសរូបនេះ តែងតែធ្វើ។ សម្រាប់ម្ដាយ-ឪពុករបស់មិត្ដសិល្បៈដែលលោកចាត់ទុកដូចជាឪពុក-ម្ដាយបង្កើតរបស់ខ្លួនដែរនោះ សៀរ៉ា បានចូលសួរសុខទុក្ខពួកគាត់ ហើយថែមទាំងទិញនំខួបកំណើត ដើម្បីជាការបង្ហាញពីទឹកចិត្ដគោរព ស្រឡាញ់របស់លោកចំពោះមនុស្សចាស់ទៀតផង។

លោក សាយ សៀរ៉ា និយាយថា មកថតMV នៅស្រុកថ្មគោល ដែលស្ថិតនៅជិតផ្ទះសំម្លាញ់ ប៉ែន ចំរ៉ុង ហើយថ្ងៃនេះខួបកំណើតអ្នកម្តាយរបស់សំម្លាញ់ទៀត រូបលោកក៏ទិញនំមួយមកជូនពួកគាត់៖ “កូនជូនពរអ្នកម្តាយមានសុខភាពល្អ អាយុវែង”។

បន្ទាប់ពីឃើញសកម្មភាពនេះ លោក ប៉ែន ចំរ៉ុង ក៏សប្បាយចិត្ដ ហើយបានអគុណលោក សាយ សៀរ៉ា ដែលបានទិញនំទៅពញ្ញាក់អារម្មណ៍ម្ដាយជំនួសលោកក្នុងថ្ងៃខួបកំណើតដល់ផ្ទះ។ បន្ថែមលើពាក្យជូនពររបស់ សាយ សៀរ៉ា ក៏មានប្រិយមិត្ដជាច្រើនក៏បានជូនពរម្ដាយរបស់លោក ប៉ែន ចំរ៉ុង តាមរយៈសារខមិនលើបណ្ដាញសង្គមជាច្រើនផងដែរ៕

ជិន សុភ័ក្ដ្រ