ព្រះអើយ! បើទម្លាក់ទុនថតរឿងអស់ជាង ១០ម៉ឺនដុល្លារ គឺខុសគ្នាពីទិញរឿងបរទេសមកចាក់បញ្ជាំងដល់ទៅជាង ១០ដង

  • 2023-06-16 08:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងទៅមានផលិតករ ពោលថាទន្សិកជននិយមតាមដានខ្សែភាពយន្ដបរទេស ជាងភាពយន្ដខ្មែរ ផលិតដោយកូនខ្មែរដែលចំណាយទុនរាប់ម៉ឺនដុល្លារទម្រាំបានមួយរឿងៗ ខណៈដែលក្រុមហ៊ុនមួយចំនួន បាននាំចូល និងដាក់បញ្ចាំងរឿងបរទេសច្រើនដែលពួកគេចំណាយទុនតិចបំផុត។

ថ្មីៗនេះ ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ច័ន្ទសាយ៉ា ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធខ្សែភាពយន្ដមួយនៅផ្សារទំនើប Chip Mong 271 បានឲ្យដឹងថា ក្នុងពេលដែលផលិតករខ្មែរ ផលិតរឿងខ្មែរចំណាយទុនអស់ប្រហែល ១០ម៉ឺនដុល្លារ ទើបបានរឿងមួយឡើងរោងកុននោះ បើគេទិញរឿងបរទេសពីក្រៅមកបញ្ចាំងតែម្ដង គឺថោកជាងរហូតដល់ទៅ ១០ដង។

លោក ស៊ីន ច័ន្ទសាយ៉ា៖ “ចង់និយាយរឿងពិតខ្លះ…គឺការប្រកួតប្រជែងមិនស្មើភាពគ្នា! រឿងប៉ុណ្ណឹង(ពពិលខ្មៅ ចំណាយទុនជាង១០ម៉ឺនដុល្លារ) គ្រប់គ្នាមានដឹងទេ គឺអស់ទុនច្រើនជាងនាំចូលពីក្រៅជាង ១០ដង លោកព្រះ! អីចឹងប្រកួតយ៉ាងម៉េចទៅ គឺមានតែជួយគាំទ្រផលិតករខ្មែរដែលលោកហ៊ានលះបង់ទុនច្រើនៗ ដូចលោក វិសាល អីនេះ”។

បើតាមលោក ស៊ិន ច័ន្ទសាយ៉ា ខ្សែភាពយន្ដបរទេសបើទោះបីជាល្បីកម្រិតណា បើនាំចូលមកចាក់បញ្ចាំងនៅតាមរោងភាពយន្ដកម្ពុជា ក៏មានតម្លៃទាបជាងភាពយន្ដដែលផលិតដោយផលិតករខ្មែរដែរ។ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកថានៅមានឧបសគ្គមួយចំនួនទៀតក្រៅពីបញ្ហាទីផ្សារប្រកួតប្រជែងនេះ ដែលក្រសួង និងផលិតករខ្មែរ ត្រូវរួមគ្នាដោះស្រាយបន្ដទៀត៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម