សម្ដេចតេជោ ហ៊ុន សែន បង្ហើបតម្លៃទឹក ដែលផ្ទះសម្ដេច ត្រូវបង់រាល់ៗខែ
- 2023-06-19 09:05:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន បង្ហើបតម្លៃទឹក ដែលផ្ទះសម្ដេច ត្រូវបង់រាល់ៗខែ
ចន្លោះមិនឃើញ
ថ្លែងក្នុងពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ខណ្ឌជ្រោយចង្វារនៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីតម្លៃនៃការប្រើប្រាស់ទឹកនៅតាមផ្ទះប្រជាពលរដ្ឋនីមួយ ក៏ដូចជាផ្ទះរបស់សម្ដេច ដែលត្រូវគិតថ្លៃទៅតាមចំនួននៃការប្រើប្រាស់។
ដូចនឹងប្រជាពលរដ្ឋទូទៅដែរ សម្ដេចនាយករដ្ឋមន្ត្រីបង្ហើបថា ផ្ទះសម្ដេចក៏បង់ថ្លៃទឹកជូនរដ្ឋាករទឹកដែរ។ "ត្រូវតែបង់ មិនបង់ម៉េចនឹងបាន...ដល់ខែត្រូវតែបង់ទាំងថ្លៃទឹក ទាំងថ្លៃភ្លើង យើងជាគំរូរគេក្នុងការបង់!”។
ចំពោះតម្លៃពិតប្រាកដនៃការបង់ថ្លៃទឹក សម្រាប់ផ្ទះរបស់សម្ដេច គឺបង់ក្នុងតម្លៃ ២២០០រៀលក្នុង១ម៉ែត្រ។ តម្លៃនេះ គឺស្ថិតក្នុងកម្រិតប្រើប្រាស់ចាប់ពី ១០១ម៉ែត្រឡើងទៅ។ ដោយឡែកប្រជាពលរដ្ឋទូទៅ តម្រូវឲ្យបង់តាមកម្រិតប្រើប្រាស់ដូចខាងក្រោម៖
១.អ្នកប្រើប្រាស់មិនលើស ៧ម៉ែត្រគីប គិតម្លៃ ៤០០រៀលក្នុង១ម៉ែត្រគូប
២.អ្នកប្រើប្រាស់ចាប់ពី ៨ឡើងទៅដល់ ១៥ ម៉ែត្រគូប តម្លៃ ៧២០រៀល
៣.អ្នកប្រើប្រាស់ចាប់ពី ១៦ ឡើងទៅ ២៥ ម៉ែត្រគូប តម្លៃ ៩៦០រៀល
៤.អ្នកប្រើប្រាស់ចាប់ពី២៦ ដល់ ៥០ម៉ែត្រគូប តម្លៃ ១២៥០រៀល
៥.អ្នកប្រើប្រាស់ចាប់ពី ៥១ ដល់ ១០០ ម៉ែត្រគូប តម្លៃ ១៩០០រៀល
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ រោងចក្រនេះ មានសមត្ថភាពផលិតសរុប ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ វាត្រូវបានដាក់ដំណើរការសាកល្បងផលិតទឹក និងចែកចាយទឹកស្អាតចាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងឈានដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមានរយៈពេលសាងសង់ចំនួន៣៦ខែ។
ការបើកដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១នេះ បានបន្ថែមលើសមត្ថភាពផលិតទឹកស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឈានទៅមានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ ព្រមទាំងបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៧០,០០០គ្រួសារ និងជួយដោះស្រាយបញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់ជាយរាជធានីភ្នំពេញ និងសង្កាត់ចំនួន៣ នៅក្រុងតាខ្មៅ៕