២ឆ្នាំក្រោយ អ្នកស្រុកកោះធំ-លើកដែក តភ្ជាប់គ្នាហើយដោយផ្លូវកៅស៊ូថ្មី១ខ្សែ ពិសេសចង់ឆ្លងស្ពានអ្នកលឿងទៅព្រៃវែង ស្វាយរៀង ក៏កាន់តែលឿនងាយស្រួល
- 2023-06-20 04:16:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ឆ្នាំក្រោយ អ្នកស្រុកកោះធំ-លើកដែក តភ្ជាប់គ្នាហើយដោយផ្លូវកៅស៊ូថ្មី១ខ្សែ ពិសេសចង់ឆ្លងស្ពានអ្នកលឿងទៅព្រៃវែង ស្វាយរៀង ក៏កាន់តែលឿនងាយស្រួល
ចន្លោះមិនឃើញ
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពិធីបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំនូវកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ ក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីនេះថា កំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ២៣ ដែលជាខ្សែផ្លូវតភ្ជាប់រវាងខេត្តកណ្តាល និងខេត្តតាកែវ ដោយឆ្លងកាត់ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកកោះធំ និងស្រុកលើកដែក។ នាពេលបច្ចុប្បន្ន ស្ថានភាពរបស់កំណាត់ផ្លូវជាតិលេខ២៣ ដែលតភ្ជាប់ពីស្រុកកោះធំទៅស្រុកលើកដែកនេះ ពុំទាន់មានការស្ថាបនាឱ្យល្អប្រសើរនៅឡើយនោះទេ ដោយកន្លែងខ្លះជាតម្រាយផ្លូវថ្មី កន្លែងខ្លះជាតម្រាយផ្លូវចាស់ ដែលចាំបាច់ត្រូវស្ថាបនាលើកកម្រិតឱ្យបានល្អប្រសើរ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការតភ្ជាប់របស់បងប្អូនប្រជាពលរដ្ឋទៅ-មក ឆ្លងកាត់ស្រុកកោះធំ និងស្រុកលើកដែក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវស្ថាបនាពង្រីកទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវ ប្រវែង ១០ម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។
កំណាត់ផ្លូវជាតិលេខ២៣នេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាលនេះ គឺជាចំណងដៃថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹក ជញ្ជូនផ្សេងៗ ដែលនេះជាការឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃវិស័យហេដ្ឋារចនា សម្ព័ន្ធផ្លូវ-ស្ពាន និងការតភ្ជាប់ប្រទាក់ក្រឡាទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា៕