Bayern ដាក់​សំណើ​សុំ​ទិញ Kane

  • 2023-06-27 12:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich បាន​សម្រេច​ដាក់​សំណើ​សុំ​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ Harry Kane ពី​ក្លឹប Tottenham Hotspur។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ David Ornstein។

បើ​តាម​ប្រភព​ដដែល Bayern សុំ​ផ្ទេរ Kane ក្នុង​តម្លៃ ៧៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ គិត​មក​ទល់​នេះ មិន​ទាន់​មាន​សេចក្ដី​ឆ្លើយ​តប​ផ្លូវ​ការ​ណា​មួយ​ឡើយ​ពី​សំណាក់​ក្លឹប Spurs។

កុងត្រា​របស់ Harry Kane ជាមួយ Spurs នឹង​ផុត​កំណត់​នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ។ នេះ​មាន​ន័យ​ថា បើ​មិន​មាន​ការ​ចុះ​កុងត្រា​ថ្មី​ណា​មួយ​នោះ​ទេ ហើយ​ប្រសិន​បើ​ Spurs មិន​ផ្ទេរ​ចេញ​ Kane ក្នុង​ទី​ផ្សារ​ដោះ​ដូរ​នេះ​ ក្លឹប​អង់គ្លេស​នឹង​បាត់បង់​ខ្សែ​ប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​នៅ​រដូវ​កាល​ក្រោយ ដោយ​មិន​ទទួល​បាន​តម្លៃ​ផ្ទេរ​សូម្បី​មួយ​សេន។

Kane គឺ​ជា​កីឡាករ​ឆ្នើម​របស់​ Spurs។ កីឡាករ​អង់គ្លេស​រូប​នេះ​ចូល​លេង​ឈុត​ធំ​ឲ្យ​ក្លឹប​តាំង​ពី​ឆ្នាំ ២០១០ មក ហើយ​ជាង ៦ រដូវ​កាល​ចុង​ក្រោយ ខ្សែ​ប្រយុទ្ធ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​លេង​ឲ្យ Spurs សរុប ៤៣៥ លើក និង​ស៊ុត​ចូល ២៨០ គ្រាប់៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម