ចំណងស្នេហ៍ផ្អែមល្ហែម រវាង ថុល សុភិទិ និង ឡុង ម៉ានីន អ្នកណាសារភាពមុន
- 2023-06-30 06:57:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណងស្នេហ៍ផ្អែមល្ហែម រវាង ថុល សុភិទិ និង ឡុង ម៉ានីន អ្នកណាសារភាពមុន
ចន្លោះមិនឃើញ
ស្នេហាយុវវ័យសម័យថ្មី មិនសូវលឹបល បើកចំហរតាំងពីនាយ រវាងតារាចម្រៀង ថុល សុភិទិ និងកញ្ញា ឡុង ម៉ានីន ប៉ុន្តែសំណួរសួរថា រវាងពួកគេទាំងពីរ អ្នកណាជាអ្នកសារភាពមុន?
កញ្ញា ឡុង ម៉ានីន និង ថុល សុភិទិ ដើមឡើយត្រឹមជា idol និង Fan ប៉ុណ្ណោះ តែក្រោយមកបានក្លាយជាគូស្នេហ៍នឹងគ្នា ដែលអាចរាប់ថាជាករណីទី១ក្នុងសិល្បៈ។ ភាគីខាងស្រី បានប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកាលពីពេលថ្មីៗនេះថា នាងគឺជាអ្នកគាំទ្ររបស់ ភិទិ ដោយបានចាប់ផ្ដើមកត់សម្គាល់ និងគាំទ្រតាំងពីអំឡុងតារាចម្រៀងប្រុសកំពុងប្រឡងកម្មវិធី "Cambodian Idol" រដូវកាលទី៤មកម្ល៉េះ គិតមកដល់ឥឡូវមានរយៈពេលប្រមាណ ១ឆ្នាំហើយ។
អ្នកលក់អនឡាញ លើកឡើងថា ចំណុចទាក់ទាញរបស់ ភិទិ មកលើនាង គឺត្រង់សំឡេង។ "ស្រឡាញ់គាត់ គាត់ច្រៀង ហើយឧស្សាហ៍ទៅកម្មវិធីអី ឧស្សាហ៍លឺគាត់ច្រៀងពីរោះ និយាយទៅលង់នឹងសំឡេង!"។ តាមការឲ្យដឹងថា កញ្ញា ម៉ានីន បានស្កាត់ទៅជួបខាងប្រុសដល់កន្លែងច្រៀង និងបានបន្តទំនាក់ទំនងរហូតមក។
កញ្ញាថា ដំបូងគឺជាការចាប់ផ្ដើម គ្រាន់តែសាសងគ្នាទៅវិញទៅមក យូរទៅតាំងមានអារម្មណ៍ថា នៅជិតគ្នាមានក្ដីសុខ បាត់គ្នាមិនបាន ហើយនាង ទទួលថានោះគឺស្នេហា។ ប៉ុន្តែនាងមិនច្បាស់ថា កើតតាំងពីពេលណានោះទេ។ ដោយឡែក ចំពោះថា នាងសារភាពទៅខាងប្រុស គឺអត់ទេ។ យុវតីឆ្លៀវឆ្លាត ថ្លែងថា " និយាយទៅពួកយើងអត់មានអ្នកណាសារភាពទេ គឺសេពគប់គ្នាស្រឡាញ់គ្នាយកហ្មង!”។
ម៉ានីន និង សុភិទិ មិនទាន់មានផែនការអនាគតវែងឆ្ងាយនោះទេ ដោយសារទើបសេពគប់គ្នាប្រមាណ ១ឆ្នាំ ម្យ៉ាងទាំងសងខាងនៅរវល់ក្នុងការកសាងសមិទ្ធផលរៀងខ្លួន។ ម៉ានីន ប្រាប់ថា ពេលនេះនាងផ្ដោតទៅលើមុខជំនួញរបស់នាងខ្លាំង គឺធ្វើយ៉ាងណាពង្រីកឲ្យធំ តាមផែនការជាមុនសិន។
ឡុង ម៉ានីន គឺជាកូនស្រីច្បងក្នុងគ្រួសារដ៏អត្តខាត់មួយនៅខេត្តកំពត។ ដើម្បីរើបម្រាប់ពីភាពទ័លក្រ នាងបានប្រឹងរៀនសូត្រ និងរកស៊ីព្រមគ្នា។ នាងត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញល្បីឈ្មោះ និងជោគជ័យមួយរូប ក្នុងនោះផ្ដើមតាំងពីបាតដៃទទេ ពេលនេះនាងមានទ្រព្យ និងអចលនទ្រព្យជាច្រើន។
កញ្ញា ទើបនឹងចុះកិច្ចព្រមព្រៀងជាដៃគូជាមួយក្រុមហ៊ុន Vi Rich ជាមួយមហិច្ឆតា ដឹកដៃឆ្ពោះទៅរកភាពជោគជ័យជាមួយគ្នា៕