ទ្រាំតែបន្តិចសិន ព្រោះការសង់ស្ពានភ្ជាប់កោះពេជ្រ-កោះនរា សល់តែ ១៥ភាគរយទៀតប៉ុណ្ណោះ
- 2023-07-03 03:22:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រាំតែបន្តិចសិន ព្រោះការសង់ស្ពានភ្ជាប់កោះពេជ្រ-កោះនរា សល់តែ ១៥ភាគរយទៀតប៉ុណ្ណោះ
ចន្លោះមិនឃើញ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥% នៃគម្រោង ហើយគ្រោងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
ស្ពានបេតុងខ្សែកាបនេះ ឆ្លងកាត់ទន្លេបាសាក់តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ និងគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១ ៦០៦ ៣៥៣ ដុល្លាអាមេរិក។
គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានខ្សែកាបនេះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ហើយសម្តេចបានលើកឡើងថា នៅពេលសាងសង់រួច ស្ពាននេះនឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។
សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នផងដែរ៕