Foxconn ដាក់ទុនជិត ២៥០លានដុល្លារនៅវៀតណាម បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនី
- 2023-07-05 02:25:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Foxconn ដាក់ទុនជិត ២៥០លានដុល្លារនៅវៀតណាម បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនី
ចន្លោះមិនឃើញ
ក្រុមហ៊ុនយក្សតៃវ៉ាន់ Foxconn បានបញ្ជាក់ថា ខ្លួននឹងវិនិយោគទឹកប្រាក់ជិត ២៥០លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួនពីរនៅប្រទេសវៀតណាម។ រោងចក្រទាំងពីរនេះ នឹងមានទីតាំងស្ថិតនៅសួនឧស្សាហកម្មក្នុងខេត្ត Quang Ninh។
រោងចក្រទីមួយជាមួយទឹកប្រាក់ ២០០លានដុល្លារ គឺនឹងផលិតគ្រឿងបង្គុំរថយន្តអគ្គិសនី ដែលនឹងបញ្ចប់ការសាងសង់នៅខែមករា ឆ្នាំ២០២៥ បង្កើតការងារបាន ១២០០នាក់។ ចំណែករោងចក្រមួយទៀតតម្លៃ ៤៦លានដុល្លារ នឹងប្រើប្រាស់ដើម្បីផលិតគ្រឿងបង្គុំទូរគមនាគមន៍ ដែលនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៤ បង្កើតការងារបានជាង ៧០០នាក់។
គួរដឹងដែរថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Foxconn ចាប់ផ្តើមវិត្តន៍ខ្លួនក្នុងការផលិតរថយន្តអគ្គិសនី ពោលគឺបង្កើនអាជីវកម្ម និងផលិតផលរបស់ខ្លួន ក្រៅពីផ្គត់ផ្គង់ដំឡើង iPhone ឱ្យ Apple។
គួរកត់សម្គាល់ដែរថា តំបន់ភាគខាងជើងវៀតណាម បានក្លាយជាកន្លែងដ៏ទាក់ទាញពីក្រុមហ៊ុនធំៗក្នុងពិភពលោក ដែលមានបំណងរើចេញពីប្រទេសចិន។ តួយ៉ាងក្រុមហ៊ុនធំរបស់តៃវ៉ាន់ Pegatron ក៏កំពុងវិនិយោគនៅក្រុង Haiphong និងក្រុមហ៊ុន Quanta Computer ក៏ប្រកាសបង្កើតរោងចក្រនៅខេត្ត Nam Dinh ផងដែរ៕