កញ្ញា សោម ស្រីនាថ ហោះចេញទៅព្រលឹម ក្នុងបេសកកម្មធំ១តំណាងកម្ពុជា

  • 2023-07-07 08:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនីហង្សមាសកញ្ញាសោម ស្រីនាថ បានហោះចេញពីប្រទេសកម្ពុជាព្រឹកមិញនេះទៅហើយ ដើម្បីចូលរួមប្រកួតកម្មវិធីប្រកួត Bird’s Nest Division ដែលធ្វើនៅទីក្រុងគ័ងចូវ ប្រទេសចិនរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១០ និង១១ កក្កដា ខាងមុខនេះ។

នេះជាដំណើរចេញទៅប្រកួតតំណាងកម្ពុជាលើកដំបូងចាប់ពីកូវីដ១៩មក ដែលធ្វើឲ្យតារាស្រី មានមោទនភាពខ្លាំង និងសង្ឃឹមរំពឹងបានលទ្ធផលល្អជូនជាតិ។ ស្រីនាថ បានប្រាប់មុនឡើងថា នេះជាឱកាសមួយដ៏ល្អ ដែលអាចនាងនាំយកវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណី ដ៍ផូផង់របស់ប្រទេសកម្ពុជាឲ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែច្បាស់។

ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Best Life Co .Ltd និងហាងដាណាម៉ា កាត់ដេរ គ្រប់គ្រងដោយកញ្ញាឌួង ហ្សូរីដា កញ្ញា សោម ស្រីនាថ បានត្រៀមឈុត និងរ៉ូបពីហូល ខ្មែរជាអក្សរខ្មែរជូន សម្រាប់យើងទៅប្រកួតលើឆាកអន្តរជាតិ។ ស្រីនាថ នឹងក្លាយជាតារាស្រីទី២ ដែលនាំយកឈុតច្នៃពីអក្សរទៅកាន់ឆាកអន្តរជាតិ បន្ទាប់ពី ស៊ិន យូប៊ីន បានកាលពីប៉ុន្មានថ្ងៃមុននៅប្រទេសថៃ។

សោម ស្រីនាថ គឺជាពិធីការិនីទូរទស្សន៍ និងជាតារាម៉ូដែលម្នាក់ក្នុងក្រុមបង្ហាញម៉ូដ Cambodia Super Model (CSM)។ នៅមុនឡើងយន្តហោះ ស្រីនាថ លើកឡើងថា នាង បានត្រៀមខ្លួនល្អសម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះ និងសង្ឃឹមថា មិនមានអ្វីជាឧបសគ្គ ព្រោះថា នាងមានបទពិសោធន៍ក្រាស់ក្រែលដែរ លើការងារនេះច្រើនឆ្នាំមកហើយ។

ម្យ៉ាងមុនបេសកកម្មនេះមកដល់ នាងក៏បានទៅហ្វឹកហាត់ ដើរម៉ូដ និងស្វែងយល់ឲ្យច្បាស់ពីវិញ្ញាសារដែលត្រូវប្រកួតថែមទៀត ព្រមទាំងមានការណែនាំពីអ្នកជំនាញចិនផង។ តារាស្រីបញ្ជាក់ថា ចំពោះនាងផ្ទាល់ នឹងព្យាយាមឲ្យអស់លទ្ធភាព តែលទ្ធផលជាក់ស្ដែងយ៉ាងណា ជាអ្វីដែលមិនអាចទាយទុកបាននោះទេ។

តាមព័តមានថាកម្មវិធី “Bird’s Nest Division” ឬ ”បវរកញ្ញា ត្រចៀកកាំ” នេះមានការចូលរួមដល់ទៅ១១ ប្រទេសដែលភាគច្រើនជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវេទិការនោះផ្ដោតលើអ្នកមានភាពឈ្លាសវៃលើការធ្វើជំនួញ ស្រស់ស្អាត និងមានបទពិសោធន៍ក្នុងជីវិតច្រើនពាក់ព័ន្ធដលើការតស៊ូ។

ពាក់ព័ន្ធចំណុចនេះ កញ្ញាឌួង ហ្សូរីដា ប្រធាន CSM និងជាម្ចាស់ហាងដាណាម៉ា អះអាងថា កញ្ញាសោម ស្រីនាថ មានទាំងព្រម ពោលគឺការងារសិល្បៈក៏ធ្វើ ជំនួញក៏ជួញ ស្រស់ស្អាត និងមានការតស៊ូខ្ពស់ថែមទៀត។

ហ្សូរីដា បញ្ជាក់ថា ស្រីនាថ ជាក្មេងកំព្រាម្ដាយ ចេះតស៊ូ ប្រឹងធ្វើការចិញ្ចឹមប្អូនៗគាត់រហូតពួកគេមានការងារធ្វើ ហេតុនេះនាងចង់ជួយស្រីនាថ ឲ្យកាន់តែរីកចម្រើនជាងនេះទៀត។ ហេតុនេះ ទើប នាង សម្រេចបញ្ជូន ស្រីនាថ ទៅចូលរួមប្រកួត ក្នុងនោះទោះជាប់ ឬមិនជាប់ក្ដី តែវាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់នាង ក្នុងការរួមកិច្ចការតំណាងជាតិ។

គូរបញ្ជាក់ថាសោម ស្រីនាថ បានបាត់បងម្ដាយជាទីស្រលាញ់របស់នាងដោយសារតែជំងឺមហារីកកាលពីឆ្នាំ២០១៧ ពោលគឺដូចគ្នាទៅនិងឌួង ហ្សូរីដា ដែលម្ដាយរបស់នាងក៍បានចាកចេញពីនាងដោយសារតែជំងឺកាចសាហាវមួយនេះដែរកាលពីពេលថ្មីៗនេះ។មហាជនបានសរសើរដល់ស្រីនាថ ដែលមានភាពរឹងមាំ ដូចទៅនិងហ្សូរីដា ដែរដែលពេលនេះជំហក្នុងគ្រួសារយ៉ាងពិតប្រាកដ ទោះជាតារាទាំងពីរបានបាត់បង់ម្ដាយព្រោះតែជំងឺមហារីកក្ដី៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី