សម្ដេចតេជោ ហ៊ុន សែន បង្គាប់ឲ្យសាលារាជធានីភ្នំពេញ​​បញ្ចេញរថយន្តចំនួន ៣៥០ ដឹក​កម្មករ

  • 2023-07-12 02:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ សារ​សំឡេង សម្ដេច​តេជោ ហ៊ុន សែន បាន​បង្គាប់​ឲ្យ​សាលារាជធានីភ្នំពេញ បញ្ចេញ​រថយន្ត​ចំនួន ៣០០ ទៅ ៣៥០ គ្រឿង​ដើម្បី​ដឹក​កម្មករ​ឆ្ពោះ​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

ការ​បោះឆ្នោត​ជាតិ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​នេះ ដោយ​នៅ​ក្នុង​នោះ ដើម្បី​ឲ្យ​កម្មករ​បាន​អនុវត្ត​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ការ​រើស​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ពេញ​ចិត្ត រាជរដ្ឋាភិបាល បាន​សម្រេច​អនុញ្ញាតិ​ឲ្យ​កម្មករ និយោជិក​ទាំង​អស់ ឈប់​សម្រាក់​ចំនួន ៣ថ្ងៃ ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ទី ២២-២៤ កក្កដា ២០២៣។

ក្នុង​ស្ថានភាព​នេះ សម្ដេច​មើល​ឃើញ​ថា លំហូរ​របស់​កម្មករ និយោជិតទៅ​ស្រុក​កំណើត នឹង​កើត​មាន​បញ្ហា​ចៀស​មិន​រួច អំពី​ការ​ផ្គត់ផ្គង់​សេវា​ដឹកជញ្ជូន​សាធារណៈ​មិន​គ្រប់​គ្រាន់ និង​កង្វល់​អំពី​ការ​តម្លើង​ថ្លៃ​ឈ្នួល​រថយន្ត។ ទាំង​នេះ នឹង​ជា​ឧបសគ្គ​របស់​កម្មករ និយោជិត​ទាំង​អស់។ ក្នុង​ន័យ​នេះ សម្ដេច បង្គាប់​ឲ្យ​ក្រសួង​ការងារ បញ្ចេញ​រថយន្ត៣០០ ទៅ ៣៥០ គ្រឿង​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​អនុវត្ត​សិទ្ធិ​ប្រជាពលរដ្ឋ​របស់ កម្មករ និយោជិត។

“ខ្ញុំ​សូម​ធ្វើ​ការងារ​ណែនាំ​ឲ្យ​បាន​​ច្បាស់​ថា ការ​ដឹកជញ្ជូន​នេះ មិន​មាន​រើសអើង​និន្នាការ​គណបក្ស​នយោបាយ​ណាមួយ​ទេ។ ដូច្នេះ វា​មិន​មែន​ជា​ការ​ទិញ​ដូរ​សន្លឹក​ឆ្នោត​នោះ​ឡើយ យើង​ដឹក​គ្រប់​និន្នាការ​នយោបាយ...!”

កិច្ចការនេះ សម្ដេច​ប្រមុខរាជរដ្ឋាភិបាល លើក​ឡើង​ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ក្ដាប់​ឲ្យ​ច្បាស់​ពី​តម្រូវ​ការ​ដឹកជញ្ជូន​កម្មករ​តាម​ខេត្ត​នីមួយ​ៗ។ ដូច្នេះ សម្ដេច ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ធ្វើការជាមួយ​សាលា​រាជធានី ដើម្បី​បែកចែក​ឲ្យ​បាន​ច្បាស់​លាស់ អំពី​តម្រូវ​ការ​ពិត​ប្រាកដ​​នៃ​ផ្លូវ​នីមួយៗ។

ការ​បោះឆ្នោត​ថ្នាក់​ជាតិ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី ២៣ កក្កដា ២០២៣។ សម្រាប់​ប្រិយមិត្ត​ចង់​ដឹង​ថាខ្លួន ត្រូវ​បោះ​នៅ​មណ្ឌល​ណា អាច​ស្វែង​រក​បាន​តាម​រយៈ​វេបសាយ​របស់ គជប បាន៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី