កូនខ្មែរម្នាក់នៅប្រទេសបារាំង បើកយុទ្ធនាការជិះកង់ឆ្លងកាត់៨ប្រទេសក្នុងទ្វីបអឺរ៉ុប រកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ
- 2023-07-20 04:34:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្មែរម្នាក់នៅប្រទេសបារាំង បើកយុទ្ធនាការជិះកង់ឆ្លងកាត់៨ប្រទេសក្នុងទ្វីបអឺរ៉ុប រកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ
ចន្លោះមិនឃើញ
លោក ផូ ផល្លា បច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសផែនការសប្បុរសធម៌ដ៏ធំមួយ ដោយលោកនឹងធ្វើយុទ្ធនាការជិះកង់ឆ្លងកាត់៨ប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាពីសប្បុរសជន ផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ។
កិច្ចការនេះបានកើតឡើង ក្រោយពីលោកបានស្នើសុំការឯកភាពពីសាមីមន្ទីរនេះរួចរាល់។ បុរសវ័យកណ្ដាលបានសរសេរនៅលើបណ្ដាញសង្គមរបស់ម្សិលមិញនេះថា "ដោយមានការអនុញ្ញាតពី មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ខ្ញុំបាទនឹងជិះកង់ចំងាយ ៣.០០០ គីឡូម៉ែត្រ រយៈពេល ៤១ថ្ងៃ...ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់ នឹងចូលរួមធ្វើដំណើរជាមួយខ្ញុំ និងបរិច្ចាកប្រាក់ទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីរួមចំណែកនៅក្នុងបេសកម្មរបស់មន្ទីរពេទ្យក្នុងការធ្វើអោយប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា"។
យុទ្ធនាការដ៏ធំនេះ នឹងចាប់ផ្ដើម ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ លោកនឹងជិះកង់ឆ្លងកាត់ទីក្រុង និងឆ្លងកាត់ប្រទេសតំបន់អឺរ៉ុបមួយចំនួនដូចជា បារាំង ស្វីស លុច្សសំបួរ បែលហ្សិច អង់គ្លេស អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ ថវិកាដែលប្រមូលបាន គឺផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបទាំងអស់។
លោក ផូ ផល្លា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានចាកចេញទៅរស់នៅប្រទេសបារាំងដើមឆ្នាំ ២០២២ តាមភរិយាដែលជាមន្ត្រីនៃស្ថានឯកអគ្គរាជទូតតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងប៉ារីស។ លោក ផូ ផល្លា ប្រាប់ថា តាមច្បាប់របស់ប្រទេសបារាំង ជាគ្រួសាររបស់មន្ត្រីការទូតដូចលោក គឺគេមិនអនុញ្ញាតឲ្យធ្វើការងារជាបុគ្គលិកពេញសិទ្ធិនៅទីណានោះទេ។
ដូច្នេះ រាល់ថ្ងៃ គឺលោកបានទៅធ្វើការស្ម័គ្រចិត្តផ្សេងៗ។ ដូច្នេះពេលទំនេរ លោកតែងតែជិះកង់ដើម្បីសុខភាព ប៉ុន្តែស្របពេលមើលឃើញពីតម្រូវការមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ដើម្បីមន្ទីរពេទ្យអាចបន្តបេសកកម្មជួយកុមារកម្ពុជាប្រកបដោយនិរន្តរភាព ទើបលោកលេចឡើងនូវគំនិត ជិះឲ្យលើសពីលក្ខខណ្ឌសុខភាព ទៅជាជិះដើម្បីបានប្រយោជន៍ដល់កុមារកម្ពុជានេះឡើង។
សម្រាប់បេសកកម្មនេះ លោកបានស្នើសុំសហការពីមន្ទីរពេទ្យកុមារអង្គរផ្ទាល់។ បន្ថែមពីលើនេះ លោកក៏បានធ្វើលិខិតជូនដំណឹងទៅស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសអឺរ៉ុបចំនួន ៥ ស្វែងរកការគាំទ្រអំពីបេសកកម្មនេះ។ ជាលទ្ធផល លោកថា ស្ថានឯកអគ្គរាជទូតខ្មែរខ្លះក្នុងចំណោមនោះបានឆ្លើយតបជាវិជ្ជមាន ពោលគឺគេគាំទ្រ និងសន្យាជួយផ្សព្វផ្សាយបន្តពីបេសកកម្មរបស់លោក ប្រយោជន៍ជួយពង្រីកវិសាលភាពដំណឹង កៀរគរថវិកាជួយកុមារខ្មែរតាមរយៈមន្ទីរពេទ្យខាងលើ។
នេះលើកទី១សម្រាប់ការជិះដើម្បីសប្បុរសធម៌ ប៉ុន្តែជាលើកទី២សម្រាប់យុទ្ធនាការទូទៅ ជាក់ស្ដែងកាលពីខែ មិថុនា និង ឧសភា លោក ផូ ផល្លា ក៏ធ្លាប់បើកយុទ្ធនាការផ្ទាល់ខ្លួន ជិះកង់ចម្ងាយ ៤០០០គីឡូម៉ែត្រ។ កាលនោះ គឺលោកជិះដើម្បីអបអរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២។
សម្រាប់បេសកកម្មជិះដើម្បីសប្បុរសធម៌លើកដំបូងនេះ លោក ផូ ផល្លា បញ្ជាក់ថា លោកមិនមាន Sponsor ណាមួយនោះទេ គឺពឹងទាំងស្រុងទៅលើការបរិច្ចាគពីសប្បុរសជន ក្នុងនោះលោករំពឹងសប្បុរសជនខ្មែរក្នុងស្រុក និងមួយចំណែកទៀតនៅសហគមន៍អឺរ៉ុប ពិសេសប្រទេសទាំង៨ដែលស្ថិតក្នុងគោលដៅលោកត្រូវជិះឆ្លងកាត់។
ដូច្នេះលោកសង្ឃឹមថា ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ បងប្អូនសប្បុរសជននានា ចូលជាមួយលោកក្នុងយុទ្ធនាការនេះ ដើម្បីសុខមាលភាពកុមារកម្ពុជាទាំងអស់គ្នា។ សម្រាប់ការបរិច្ចាគ សូមធ្វើការ Scan QR Code លើរូបខាងលើ៕