Lexus អាច​នឹង​បញ្ចេញ​រថយន្តអគ្គិសនី​ជំនាន់ថ្មី ក្រោមឈ្មោះ​ TZ ក្រោយទើបប្រកាសចេញ TX

  • 2023-07-21 08:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នកបាន​ជ្រាបរួចមកហើយអំពី​រថយន្ត​ត្រកូលថ្មីរបស់ Lexus គឺរថយន្តកៅអី៣ជួរ Lexus TX។ យ៉ាងណាមិញ ថ្មីៗនេះ តាមរយៈម៉ាកសញ្ញាពាណិជ្ជកម្ម​ដែល​ Lexus បាន​ដាក់ស្នើសុំជាមួយការិយាល័យកម្មសិទ្ធិបញ្ញាអង់គ្លេស បង្ហាញ​ថា Lexus នឹង​ត្រៀមផលិត​រថយន្តអគ្គិសនី​ជំនាន់ថ្មីរបស់ខ្លួនក្រោមឈ្មោះ Lexus TZ450e។

ថ្វីត្បិតតែ Lexus TX និង TZ ផ្តើម​ដោយអក្សរ T នឹង​អាចមាន​ទំហំប៉ុន​គ្នាមែន​ ប៉ុន្តែ​ TZ នឹង​មិនអភិវឌ្ឍ​លើគ្រោងឆ្អឹង TNGA-K ដូច TX ឡើយ ព្រោះគ្រោងឆ្អឹងនេះ សក្តិសមតែចំពោះ​ម៉ាស៊ីនចំហេះក្នុង និង​ម៉ាស៊ីន​ Hybrid ប៉ុណ្ណោះ ពោលគឺ​មិនមែនសម្រាប់​ប្រភេទអគ្គិសនី​សុទ្ធឡើយ។

ទោះជាយ៉ាងណាក៏ដោយ គ្រោងឆ្អឹងថ្មីរបស់ Lexus TZ នឹង​ត្រូវក្រុមហ៊ុន​ប្រកាស​នាពេលខាងមុខ ហើយវា​ក៏នឹង​ត្រូវអភិវឌ្ឍ​លើរថយន្តអគ្គិសនី​របស់ Toyota ផ្សេងៗទៀតដែរ។

មកដល់ពេលនេះ គេមិនដឹងអំពី Spec របស់ TZ450e នេះនៅឡើយទេ ប៉ុន្តែគេប៉ាន់ស្មាន​ថា វា​នឹង​បំពាក់​ម៉ូទ័រអគ្គិសនី២ ដូច RZ450e ដែរ ដែល​អាចផលិតបាន​កម្លាំង ៣០៨សេះ។

គួរ​កត់​សម្គាល់​ដែរថា កាលពីឆ្នាំ២០២១ Toyota បាន​ប្រកាស​វិនិយោគ​បន្ថែមនូវទឹកប្រាក់​ប្រមាណ ៨០០លានដុល្លារ​សម្រាប់​រោងចក្រ​ផលិត​រថយន្ត​ SUV ថ្មី២។ ក្នុងនោះគឺ Lexus TX ដែល​បានបញ្ចេញ​រួចមកហើយ និងមួយទៀត​គឺទំនង​ជា TZ នេះតែម្តង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី