គ ជ ប បង្ហាញនីតិវិធីដំណើរការរៀបចំការបោះឆ្នោតសកល នីតិកាលទី៧

  • 2023-07-22 00:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ ជ ប) បានរៀបចំកិច្ចប្រជុំផ្ដល់ព័ត៌មានដ៏ធំមួយ សម្រាប់អ្នកអង្កេតការណ៍អន្ដរជាតិជាង ៤០០នាក់ មកពីប្រទេសប្រមាណ ៧០ផ្សេងគ្នា។ ក្នុងឱកាសនោះ សមាជិក គ ជ ប តំណាងពីក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធមួយចំនួនក៏បានចូលខ្លួនមកបង្ហាញពីនីតិវិធីទាំងនោះដែរ។

ជាមួយស្លាយបទបង្ហាញដ៏វែង សមាជិក គ ជ ប លោក ឌឹម សុវណ្ណារុំ បានរំលឹកពីដំណើរការបោះឆ្នោតជាតិតាំងពីអណត្ដិទី១ ពោលគឺតាំងពីឆ្នាំ១៩៩៣ រហូតមកដល់អាណត្ដិទី៧ នេះ ដោយលោកបញ្ជាក់ថា គ ជ ប បានធ្វើប្រព័ន្ធទំនើបកម្មកាន់តែប្រសើរ និងមានសុក្រឹត្យភាពពីពីមួយអណត្ដិទៅមួយអណត្ដិ។

បើតាមសមាជិក គ ជ ប និងជាប្រធានប្រតិបត្ដិព័ត៌មាន គ ជ ប រូបនេះ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ នឹងមានអ្នកអង្កេតការណ៍ជាតិជាង ៩ម៉ឺននាក់ និងអ្នកអង្កេតការណ៍អន្ដរជាតិ៤២៣នាក់ ដោយក្នុងនោះមានតំណាងពីអង្គការក្ដៅរដ្ឋាភិបាលអន្ដរជាតិចំនួន ១៣៤ ផង។

ក្រៅពីតំណាង គ ជ ប មានវាគ្មិនពីររូបទៀត គឺលោក ប៊ុន ហុន និងលោក ដួង វីរតន៍ ក៏បានចូលខ្លួនមកបង្ហាញពីនីតិវិធី នៃការបោះឆ្នោតនៅចំពោះមុខអ្នកអង្កេតការណ៍អន្ដរជាតិជាច្រើនប្រទេសនោះដែរ។ ក្នុងកិច្ចប្រជុំនោះ ក៏មានបើកឲ្យអ្នកចូលរួមបានលើកជាសំណួរផងដែរ ហើយវាគ្មិនម្នាក់បានឆ្លើយតបភ្លាមៗទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំផ្ដល់ព័ត៌មាននេះឡើងក្រោមវត្ដមានអ្នកអង្កេតការណ៍អន្ដរជាតិ សារព័ត៌មានជាតិ និងអន្ដរជាតិរាប់រយនាក់ នៅសណ្ឋាគារ សុខាភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ជិន សុភ័ក្ដ្រ