សហគមន៍​តំបន់​ការពារ​ធម្មជាតិ «តាតៃក្រោម» ត្រូវបានទទួលស្គាល់​ជាផ្លូវការ

  • 2023-07-28 06:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោមការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០២៣ នេះ។

សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានទទួលស្គាល់នេះ មានទំហំសរុប ៩៧.៣ ហិតា ស្ថិតនៅក្នុងដែនជម្រកសត្វ ពពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះមានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ការរៀបចំអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នឹងត្រូវរៀបចំស្រប់តាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

គួរបញ្ចាក់ផងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទពេញនិយម