លោក ផូ ផល្លាប្រាប់​ថា មាន​អារម្មណ៍​ស្រងេះស្រងោច ពេល​ជិះ​កង់​កាត់​ទឹកដីអឺរ៉ុប​ម្នាក់​ឯង

  • 2023-08-02 08:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ផូ ផល្លា ដែល​បាន​ស្ម័គ្រចិត្ត​ជិះ​កង់​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ បាន​ធ្លោយ​មាត់ ថា​ស្រងេះស្រងោច បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​បេសកកម្មរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ។

តាម​រយៈ​បទ​សម្ភាសន៍​ពី​ចម្ងាយ លោក ផូ ផល្លា ប្រាប់​ថា មាន​រឿង​លំបាក និង​នឹក​ស្មាន​មិន​ដល់​ជា​ច្រើន​បាន​កើត​ឡើង ក៏​ដូច​ជា​លោក​បាន​ជួប នៅ​ក្នុង​បេសកកម្ម​សប្បុរសធម៌​លើ​ទឹក​ដី​អឺរ៉ុប​ដើម្បី​ជួយ​មន្ទីរ​ពេទ្យ និង​កុមារ​ក្នុង​ស្រុក។

បញ្ហា​ទី១ គឺ​បញ្ហា​អាកាស​ធាតុ តាម​លោក ផល្លា បញ្ជាក់​ថា "ជាធម្មតារដូវនេះជារដូវក្តៅ ប៉ុន្តែឆ្នាំនេះ បែរជាភ្លៀងរហូត និងត្រជាក់ទៅវិញ ហើយអាកាសធាតុ ប្រែប្រួលភ្លាមៗ ។ ជាក់ស្តែងពី Basel ទៅ Zurich មុនចាប់ផ្តើមជិះខ្ញុំឆែកអាកាសធាតុ ២៥ អស្សារ ប៉ុន្តែដល់ថ្ងៃជិះជាក់ស្តែង ១១ អស្សារ ដូចនេះធ្វើអោយខ្ញុំត្រៀមទុកមិនបានល្អ"។

លោក​បន្ត​ទៀត​ថា ដើម្បីអោយដំណើរការជិះកង់ទៅតាមផែនការគ្រោងទុក លោក​ត្រូវខិតខំជិះកង់ពីគោលដៅមួយ ទៅមួយ មិនសូវមានពេលសំរាក ដោយបារម្ភខ្លាចខកខានរថភ្លើង ដោយសារពេលទៅដល់គោលដៅ លោក​ត្រូវជិះរថភ្លើងទៅគោលដៅមួយទៀតដើម្បីចាប់ផ្តើមជិះបន្តទៀត។ "ប្រសិនបើខ្ញុំខកខានតែ​ផ្លូវណាមួយ គឺ​ធ្វើអោយប៉ះពាល់ដល់កម្មវិធីជិះកង់តែម្តង។

អ្វី​ដែល​ជា​ឧបសគ្គ​មួយ​ទៀត គឺ​ថា អឺរ៉ុប មិន​មែន​ជា​ទឹកដី ឬទីកំណើត​លោក​ឡើយ។ ដូច្នេះ​លោក មិន​ស្គាល់ភូមិសាស្ត្រ ផ្លូវ​ខ្លះ​លោក​ជិះ​តែ​ម្នាក់​ឯង​ក្នុង​ព្រៃ​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ស្រងេះស្រងោច។

លោក​ថ្លែង​ថា "ផ្លូវដែលខ្ញុំជិះគឺមិនដែលស្គាល់សោះ អាចធ្វើដំណើរទៅបានអាស្រ័យ GPS ។ តែGPS នាំទៅតែផ្លូវក្នុងព្រៃ ជិះ១០គម- ២០ គម មិនទាន់ជួបមនុស្សម្នាក់ ពេលខ្លះGPS នាំខុសផ្លូវដែរ។ មានអារម្មណ៍ស្រងេះស្រងោចបន្តិចដោយសារជិះកង់តែម្នាក់ឯង!"។

យ៉ាង​ណា​ដោយ ពេល​ចេញ​ផុត​ពី​ព្រៃ លោក​ក៏​ជួប​ស្ថានភាព​ថ្មី និង​ល្អ​ប្រសើរ​ដែរ។ លោក​ថា ពេល​ឆ្លង​កាត់​ប្រជុំ​ជន មាន​ការ​ទទួល​រាក់ទាក់។ "ពួកគេបានមកសួរនាំពីកម្មវិធីជិះកង់របស់ខ្ញុំ ពួកគេលើកទឹកចិត្ត ផ្តល់ស្នាមញញឹម និងគាំទ្រ អ្នកខ្លះបានថតផ្លាកដែលមាន QR Code សម្រាប់ការបរិច្ចាគថែម​ទៀត"។

បែប​នេះ​ក្ដី លោកថា ការ​ចូល​រួម​នៅមានកំរិត ត្បិត​ពួក​គេ​មិន​ស្គាល់​លោក និង​មិនស្គាល់ពី​ស្ថានភាព​មន្ទីរ​ពេទ្យ​យើង​ច្បាស់​នៅឡើយ។

មក​ដល់​ថ្ងៃ​នេះ មាន​រយៈ​ពេល ១សប្ដាហ៍​មក​ហើយ ដែល​លោក ផូ ផល្លា បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។ លោក​គ្រោង​ជិះ​រយៈ​​ចម្ងាយ ៣០០០គីឡូម៉ែត្រ ដោយ​ឆ្លង​កាត់ប្រទេសតំបន់អឺរ៉ុបមួយចំនួន៨ មាន​ដូចជា បារាំង ស្វីស លុច្សសំបួរ បែលហ្សិច អង់គ្លេស អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ ថវិកា​ដែល​ប្រមូល​បាន គឺ​ផ្ដល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​ទាំងអស់។

"ដោយសារកម្មវិធីនេះ ជាកម្មវិធីសប្សុរសធម៌សុទ្ធសាទ្ធ ដូចនេះសូមពុក ម៉ែ អ៊ំ ពូ មីង បងប្អូនទាំងអស់ ដែលរស់នៅក្នុងប្រទេសក្តី ក្រៅប្រទេសក្តី មេត្តាចូលរួមបរិច្ចាកប្រាក់ទៅតាមលទ្ធភាពជូនទៅមន្ទីរពេទ្យ កុមារអង្គរ ការចូលរួមបរិច្ចាកពីពុក ម៉ែ អ៊ំ ពូ មីង បងប្អូនទាំងអស់ ពិតជាមានសារះសំខាន់ និងប្រកប ទៅដោយអត្ថន័យ និងការស្រលាញ់ដ៏ជ្រាលជ្រៅចំពោះកុមារកម្ពុជា នៅក្នុងស្មារតី “ខ្មែរជួយខ្មែរ”" ផូ ផល្លា ថ្លែង៕

សម្រាប​់បងប្អូន​ប្រិយមិត្តចង់ចូល​រួម​បរិច្ចាគជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ សូម​ Scan តាម​រយៈ QR Code របស់​មន្ទីរ​ពេទ្យ​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា