ឧទ្យានជាតិ ៣កន្លែង គឺ​បូកគោ ភ្នំគូលែន អូរយ៉ាដាវ និងដែនជម្រកសត្វព្រៃឱរ៉ាល់ សុទ្ធតែត្រូវបាន​ពង្រីកផ្ទៃដីធំជាងមុន

  • 2023-08-09 02:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កែប្រែទំហំផ្ទៃដីឧទ្យានជាតិចំនួន​៣កន្លែងឱ្យកាន់តែធំជាងមុន រួមមាន ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ», ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម ដែលកែប្រែ​ជា ឧទ្យាន​ជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងឧទ្យានជាតិអូរយ៉ាដាវ ព្រមទាំង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ដែនជម្រកសត្វព្រៃបឹងពែរផងដែរ។

ឧទ្យានជាតិ​ព្រះមុនីវង្ស «បូកគោ» ត្រូវបានកែប្រែ​ពីផ្ទៃដីទំហំ ១៥៤ ៤៥៨ ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ ហិកតា ស្ថិតក្នុង​ភូមិសាស្រ្ត​ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ផ្ទៃដី​នេះ គឺបាន​មកពី​បូកបញ្ចូល​ផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែង​ក្នុងអនុក្រឹត្យ​លេខ ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១០ ស្តីពីការ​កំណត់​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» និងឧទ្យាន​ជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយ​និង​ផ្នែកខ្លះ​នៃរបៀង​អភិរក្ស​ជីវៈ​ចម្រុះ​ជួរភ្នំក្រវាញ ដែលមានផ្ទៃដី​ទំហំ ១៦៥៨ហិកតា ដូចមាន​ចែងក្នុង​អនុក្រឹត្យ​លេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៧ ស្តីពីការបង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធតំបន់​ការពារធម្មជាតិ។

ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម ត្រូវបាន​កែប្រែ​ជា ឧទ្យាន​ជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងកែប្រែ​ពីផ្ទៃដី​ទំហំ ៣៧ ៥០០ហិកតា មកផ្ទៃដីទំហំ ៦២ ២៨៣ ហិកតា ស្ថិតក្នុង​ភូមិសាស្រ្ត​ខេត្ត​សៀមរាប។ ផ្ទៃដី​នេះ បាន​មកពីការបូកបញ្ចូល​ផ្ទៃដី​ទំហំ ៣៧ ៥០០ហិកតា ដូច​មាន​ចែងក្នុងព្រះរាជក្រឹត្យ​ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ស្តីពីការ​បង្កើត​តំបន់​ការពារធម្មជាតិ និងផ្នែក​ខ្លះ​នៃរបៀង​អភិរក្ស​ជីវៈចម្រុះ​ឧត្តរ ដែលមាន​ផ្ទៃដី​ទំហំ ២៥ ៣៨៣ហិកតា ដូច​មានចែង​ក្នុងអនុក្រឹត្យ​លេខ០៧ អនក្រ. បក​ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៧ ស្តីពីការ​បង្កើត​របៀងអភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់​ការពារធម្មជាតិ។

ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានកែប្រែពីផ្ទៃដីទំហំ១០១ ៣៤៨ហិកតា មកផ្ទៃដីទំហំ១០៥ ០១៩ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។ ផ្ទៃដី​នេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១០១ ៣៤៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតឧទ្យានជាតិអូរយ៉ាដាវ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឦសាន ដែលមានផ្ទៃដី ទំហំ៣ ៦៧១ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បានសម្រេច​កែប្រែ​ដែនជម្រក​សត្វព្រៃភ្នំឱ​​​​រា៉ល់ ពីផ្ទៃដី​ទំហំ ២៥៣ ៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨ ១៧២ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្ត​ពោធិ៍សាត់។ ផ្ទៃដីនេះ បាន​មកពី​ការបញ្ចូល​ផ្ទៃដីទំហំ ២៥៣ ៧៥០ហិកតា ដែល​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ស្តីពីការ​បង្កើត​តំបន់​ការពារធម្មជាតិ និងផ្នែកខ្លះ​នៃរបៀង​អភិរក្ស​ជីវៈចម្រុះ​ជួរភ្នំក្រវាញ ដែលមាន​ផ្ទៃដី​ទំហំ ៤ ៤២២ហិកតា ដែលមានចែង​ក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៧ ស្តីពីការ​បង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ។

មួយទៀត​គឺ​ដែន​ជម្រក​សត្វព្រៃបឹងពែរ ត្រូវបានកែប្រែ​ពីផ្ទៃដី​ទំហំ ២៤២ ៥០០ហិកតា មកផ្ទៃដីទំហំ ២៦៥ ៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្រ្ត​ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្ត​កំពង់ធំ។ ផ្ទៃដីនេះ បានមកពី​ការបូកបញ្ចូល​ផ្ទៃដីទំហំ ២៤២ ៥០០ហិកតា ដូចមាន​ចែង​ក្នុងព្រះរាជក្រឹត្យ​ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ស្តីពីការបង្កើត​តំបន់ការពារធម្មជាតិ និងផ្នែក​ខ្លះ​នៃរបៀងអភិរក្ស​ជីវៈចម្រុះ​ឧត្តរ ដែលមានផ្ទៃដីទំហំ ២៣ ៣៨៣ហិកតា ដូចមានចែង​ក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៧ ស្តីពីការ​បង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ។

សូមជម្រាប​ថា ការសម្រេច​ខាងលើនេះ គឺ​មានគោលបំណងដូចជា៖

  • ធានាការថែរក្សា ការពារសោភណភាព​ធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់​វិទ្យាសាស្រ្ត ការអប់រំ ការសិក្សា​ស្រាវជ្រាវ និងការកម្សាន្ត។

  • ធានា​ឱ្យ​មានការថែទាំ​ទីជម្រក​សត្វព្រៃ​ ព្រមទាំង​ធានា​ឱ្យ​មានការបំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទណាមួយ​នៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ។

  • លើកកម្ពស់​តួនាទី សក្តានុពល និងកិត្យានុភាព​នៃប្រព័ន្ធ​អេកូឡូស៊ី ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍ដោយចីរភាព។

  • រក្សាលំនឹងបរិស្ថាន និងរួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ និងហានិភ័យគ្រោះមហន្តរាយ​ធម្មជាតិ។

  • ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយនិរន្តរភាព។

  • ជំរុញ និងលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែក​ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅ​ដោយចីរភាព។

  • លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជាសាធារណជន​ក្នុងការចូលរួម​ចំណែក​ដល់​ការគ្រប់គ្រង​ ការការពារ និងការអភិរក្ស​ជីវៈចម្រុះ និងធនធាន​ធម្មជាតិ​ក្នុងតំបន់៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម