រិន វីរៈ សុខចិត្ដចោលប្រាក់ខែខ្ទង់ពាន់ដុល្លារ ដើម្បីសម្រេចមហិច្ឆិតារបស់ខ្លួន រហូតក្លាយជាម្ចាស់អាជីវកម្មដ៏ល្បី

  • 2023-08-13 13:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពីក្រោយខ្នងនៃភាពជោគជ័យរបស់លោក រិន វីរៈ គឺបង្គប់នូវការតស៊ូ និងការលៈបង់ ដែលគ្រប់គ្នាពុំបានដឹងទាល់តែសោះ។ តាមពិតលោក រិន វីរៈ គឺជាអតីតនិស្សិតបរិញ្ញាបត្រIT 4ឆ្នាំ នៅ វិទ្យាស្ថាន ស៊ីតិក (SECTEC Institute) ក្នុងអំឡុងឆ្នាំ 2012។

បន្ទាប់ពីបញ្ចប់ការសិក្សា លោកវីរៈ ក៏បានចូលទៅបម្រើការងារក្នុងក្រុមហ៊ុនជប៉ុនដ៏ធំមួយកន្លែង នៅស្រុកខ្មែរ ដោយទទួលបានប្រាក់ខែខ្ទង់ពាន់ដុល្លារ លើតំណែង Management Information System។ ពេលមួយ លោក បានសម្រេចចិត្តចេញពីជម្រកដ៏សុខស្រួល បោះចោលសម្លៀកបំពាក់ហ៊ឺហានៅការិយាល័យ ងាកមកស្រវា កាន់ដែកកេះ បិតស្គុតឡានម៉ូតូ ដែលជាមុខរបរដែលរូបលោកស្រឡាញ់។

លោក រិន វីរៈ៖ “ធ្វើការងារដែលខ្លួនឯងស្រឡាញ់ ទោះជាមានព្យុះភ្លៀង ដាច់បាយដាច់ទឹកយ៉ាងណាក៏ដោយ ក៏មិនចេះហត់នឿយដែរ ហើយសម្រាប់ប្អូនៗដែលទើបប្រឡងបាក់ឌុបជាប់ ចូរស្វែងរកចំណេះជំនាញ ដែលសក្តិសមនឹងទេពកោសល្យ ក៏ដូចជាចំណង់ចំណូលចិត្តខ្លួនឯង ជាជាងខាតពេលវេលាដូចខ្ញុំ”។

បុរសវ័យក្មេង មានគំនិតអាជីវកម្មរូបនេះបន្ថែមថា ការផ្លាស់ប្តូរពីការអង្គុយក្នុងការិយាល័យ មានម៉ាស៊ីនត្រជាក់ មកអង្គុយហាលថ្ងៃក្តៅ វាមិនមែនជាការងាយស្រួលទេ សម្រាប់អ្នកមិនតស៊ូនឹងក្តីស្រមៃខ្លួនឯង ប៉ុន្តែសម្រាប់រូបលោកផ្ទាល់គឺបានប្តេជ្ញាចិត្ត តស៊ូ មិនថាជួបរឿងរ៉ាវបែបណា ក៏មិនរុញរាដែរ ព្រោះតែចង់សម្រេចនូវក្តីស្រមៃឲ្យខ្លួន។

គួររំលឹកផងដែរថា លោក រិន វីរៈ បានចាប់ផ្តើម អាជីវកម្មបិតស្គុតឡានម៉ូតូ តាំងពីចុងឆ្នាំ 2015 គិតមកទល់ពេលនេះ មានរយៈពេល 8ឆ្នាំហើយ ដោយបច្ចុប្បន្នលោកបាន បង្កើតនូវម៉ាកយីហោដោយខ្លួនឯងដែលមានឈ្មោះថា TJ Auto Work’s ដែលមានចំនួនពីរសាខា និងមានសន្ទុះគាំទ្រ ខ្លាំង។ អាជីវកម្មបិតស្គុត TJ Auto Work’s របស់លោក រិន វីរៈ មានភាពល្បីល្បាញ និងឆក់យកប្រជាប្រិយភាពពីសំណាក់អតិថិជនយ៉ាងច្រើនដោយសារតែលោក ប្រកាន់លើគោលការណ៍គុណភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវជាចម្បង។

ជារឿយៗលោក រិន វីរៈ តែងតែបន្ថែមនូវចំណេះជំនាញ និងបច្ចេកទេសថ្មីៗ ផ្នែកអាជីវកម្មបិតស្គុតឡានម៉ូតូ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ទាំងក្នុង និងក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ និងចិន ព្រមទាំងបានព្យាយាមជ្រើសរើសនូវផលិតផលស្គុត ឬហ្វីម ដែលមានគុណភាពល្អ មានប្រភពច្បាស់លាស់ និងមានការទទួលស្គាល់ មានការប្រើប្រាស់ជុំវិញពិភពលោកទៀតផង៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម