តើ​ត្រីពីរ៉ាន់ញ៉ា ពិតជាស៊ីមនុស្សមែនឬ? តោះមកដឹងការពិត​ទាំង ១៣យ៉ាង​អំពីត្រីដ៏កាចសាហាវនេះ

  • 2023-08-14 03:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ​នៅកម្ពុជា មានការផ្ទុះ​រឿង​អាជីវកម្ម​មួយ​ដែល​លក់​ត្រីដ៏​កាចសាហាវ ពីរ៉ាន់ញ៉ា (Piranhas) ដែល​នាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ​ប្រជាពលរដ្ឋទូទៅ ហើយត្រូវបាន​រដ្ឋបាល​ជលផល​ចាត់វិធានការទាន់ពេលវេលាផងដែរ។

ការពិតទៅ ភាព​កាចសាហាវ​របស់​ត្រីពីរ៉ាន់ញ៉ា ត្រូវបានគេដឹង​ច្រើន​តាមរយៈ​ខ្សែភាពយន្ត​នាពេល​កន្លងមក ដែលបង្ហាញ​ថា​វាបង្កគ្រោះថ្នាក់ខ្លាំងដល់មនុស្ស។ ប៉ុន្តែ​ភាព​ពិត​ប្រាកដ​របស់​ត្រីប្រភេទ​នេះ យ៉ាងណានោះ សូម​មើល​ចំណុច​​ទាំង១៣​ខាងក្រោម​នេះ។

១. កេរ្តិ៍ឈ្មោះ​ដ៏អាក្រក់​របស់ត្រីពីរ៉ាន់ញ៉ា ត្រូវបានផ្សព្វផ្សាយចេញពីអតីត​ប្រធានាធិបតីអាមេរិក លោក Theodore Roosevelt ក្រោយពេល​លោកធ្វើដំណើរ​ទៅ​អាមេរិក​ខាងត្បូង​ (ប៉ារ៉ាហ្គាយ) ក្នុងឆ្នាំ​១៩១៣ ហើយ​បាន​ប្រទះឃើញប្រភេទ​ត្រី​ពីរ៉ាន់​ញ៉ា​ជាច្រើនប្រភេទ។ លោកបាន​រៀបរាប់ថា ត្រីឆ្លាម​វាយប្រហារ​តែអ្វីៗ​ដែលតូចជាងវា​ប៉ុណ្ណោះ ប៉ុន្តែ​ត្រីពីរ៉ាន់ញ៉ា វាយប្រហារ​នូវអ្វីៗដែលធំជាងវា។ ក្នុងនោះ​ប្រសិន​បើយើង​លូកដៃចូល​ក្នុងទឹកទន្លេ ត្រីនេះ​នឹង​អាច​ត្របាក់ខាំដាច់ម្រាមដៃបាន។

២. ត្រីពីរ៉ាន់ញ៉ា បានរស់នៅ​អាមេរិកខាងត្បូង រាប់លានឆ្នាំមកហើយ។ ត្រីនេះ​រស់នៅ​ក្នុងទឹកសាប​នៃទ្វីបអាមេរិកខាងត្បូង ចាប់ពីទន្លេ Orinoco ក្នុងប្រទេសវេណេហ្សុយអេឡា រហូត​ដល់ទន្លេ Parana ក្នុងប្រទេស​អាហ្សង់ទីន។ គេប៉ាន់ស្មានថា បច្ចុប្បន្ននេះ មាន​ប្រភេទត្រីពីរ៉ាន់ញ៉ាប្រមាណ ៣០ប្រភេទ កំពុងរស់នៅ​តាមបឹង និងទន្លេ នៅអាមេរិកខាងត្បូង។

៣. ត្រីពីរ៉ាន់ញ៉ា ដែល​រកឃើញ​នៅ​ក្រៅទ្វីបអាមេរិកខាងត្បូង គឺ​សុទ្ធតែ​ជាប្រភេទសត្វចិញ្ចឹម ដោយមានតំបន់​ខ្លះត្រូវបានអនុញ្ញាតឱ្យចិញ្ចឹម តែហាម​ដាច់ខាត​ក្នុងការលែងវាចូលក្នុងធម្មជាតិ។

៤. ធ្មេញរបស់ត្រីពីរ៉ាន់ញ៉ា គឺស្រួចខ្លាំងណាស់ ហើយនេះ​គឺជាអត្តសញ្ញាណរបស់​វាតែម្តង។ សម្រាប់​ត្រីធំ​ពេញវ័យ ធ្មេញ​របស់វាជាធម្យម​មានកម្ពស់ ៤មីលី្លម៉ែត្រ។

៥. កម្លាំងខាំ​ដ៏ខ្លាំង​របស់​ត្រីពីរ៉ាន់ញ៉ា។ កាលពីឆ្នាំ​២០១២ អ្នកស្រាវជ្រាវ​បានរកឃើញថា ត្រីពីរ៉ាន់ញ៉ា​ប្រភេទខ្មៅ ឬ ភ្នែកក្រហម ដែល​ជាប្រភេទ​ធំជាងគេ​នៃត្រីពីរ៉ាន់ញ៉ា មានកម្លាំងខាំដ៏ខ្លាំងបំផុត គឺ៧២ផោន ស្មើនឹង៣ដងនៃទម្ងន់​របស់វា​ឯណោះ។

៦. ត្រីពីរ៉ាន់ញ៉ា ស៊ីសាកសពមនុស្ស។ ប្រសិនបើមានមនុស្សស្លាប់​ដោយសារ​លង់ទឹក ឬកត្តាអ្វីផ្សេង ហើយ​សាកសព​មិនត្រូវបានស្រង់ឡើងគោកទេនោះ វានឹងក្លាយ​ជាចំណី​របស់​ត្រីពីរ៉ាន់ញ៉ា ជាក់ជាមិនខាន។ គេប៉ាន់ស្មានថា សាច់មនុស្សដែលមានទម្ងន់ ៨០គីឡូ អាចនឹងត្រូវត្រីពីរ៉ាន់ញ៉ាប្រហែល ៣០០ ទៅ ៥០០ក្បាលស៊ីអស់ត្រឹមតែ ៥នាទី។

៧. ពីរ៉ាន់ញ៉ាខ្លះ ស៊ី​ត្រីប្រភេទដូចគ្នា។ ឧទាហរណ៍ថា ត្រីពីរ៉ាន់ញ៉ាមួយក្បាល ស៊ីចំណីប្រហែល ២,៤៦ក្រាម​ក្នុងមួយថ្ងៃ ឬប្រហែល​ ១ភាគ៨នៃ​រាងកាយរបស់​វា។ ដូច្នេះ​ប្រសិន​បើ​វាមិនមាន​ចំណីអ្វី​សម្រាប់​ស៊ី គឺវា​នឹង​ស៊ី​ត្រីពីរ៉ាន់ញ៉ាគ្នាឯង មិនថាងាប់ ឬរស់នោះទេ។

៨. ត្រីពីរ៉ាន់ញ៉ាប្រភេទ​ខ្លះ មិនស៊ីសាច់នោះទេ គឺ​វា​ស៊ីតែ​គ្រាប់ធញ្ញជាតិ ឬរុក្ខជាតិតែប៉ុណ្ណោះ។

៩. ការសិក្សា​ស្រាវជ្រាវមួយ​ក្នុងឆ្នាំ​១៩៧២ បានរកឃើញថា ត្រីពីរ៉ាន់ញ៉ា មាន​យុទ្ធសាស្រ្ត​វាយប្រហារ​ទៅលើត្រី​ផ្សេងដែលជាគូសត្រូវ មុនគេត្រង់​ភ្នែក​ ឬកន្ទុយ។

១០. ត្រីពីរ៉ាន់ញ៉ា ក៏មាន​បញ្ចេញ​សំឡេងគ្រហឹម ដើម្បីគំរាម​ដល់ត្រីដទៃផងដែរ។

១១. ត្រីពីរ៉ាន់ញ៉ា ហែលជាក្រុម ដែល​អាច​ការពារខ្លួនពីការវាយប្រហារផ្សេងៗ ក្នុងនោះត្រី​អាយុច្រើនហែលនៅកណ្តាល ហើយត្រីអាយុតិច នៅគែមសងខាង។

១២. ត្រីពីរ៉ាន់ញ៉ា វាយប្រហារ​លើមនុស្ស តែក្នុងករណី​ការពារខ្លួនប៉ុណ្ណោះ។ នៅអាមេរិក​ខាងត្បូង អ្នកហែល​ទឹក​ ក្នុងទន្លេ ឬបឹង​ដែលមានត្រីពីរ៉ាន់ញ៉ា ហើយពេលងើបឡើងគោកវិញគឺមិនឃើញមាន​ស្លាកស្នាម​ពីការខាំរបស់​ត្រីពីរ៉ាន់ញ៉ាឡើយ។ ប៉ុន្តែ​ប្រសិន​បើក្នុងករណី​នៅ​ទឹកដែលរាក់ ហើយ​ខ្វះ​ចំណី​សម្រាប់​ត្រីពីរ៉ាន់ញ៉ា អ្នកហែលទឹក​ទាំងនោះនឹង​ប្រឈមពីការខាំប្រហារ​របស់ពួកវាជាក់ជាមិនខាន។ ក្នុងករណីភាគច្រើនបំផុត ប្រសិន​បើវាខាំមនុស្ស​ គឺ​វាខាំតែម្តងប៉ុណ្ណោះ ហើយខាំ​តែលើ​ជើងប៉ុណ្ណោះ។

១៣. ត្រីពីរ៉ាន់ញ៉ា ក៏ត្រូវបានគេ​យកមកធ្វើម្ហូបទទួលទានផងដែរ នៅផ្នែក​មួយចំនួន​នៃតំបន់អាម៉ាហ្សូនផងដែរ ក្នុងនោះ ស៊ុបពីរ៉ាន់ញ៉ា គឺ​មានភាពពេញនិយម​នៅ​តំបន់ Pantanal នៃប្រទេសប្រេស៊ីល៕

ប្រភព៖ Smithsonianmag

អត្ថបទ៖ សំភី