គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត តម្រូវឲ្យរៀបចំភ្លើង អបអរបុណ្យភ្ជុំបិណ្ឌ
- 2023-08-15 04:24:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត តម្រូវឲ្យរៀបចំភ្លើង អបអរបុណ្យភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
កម្ពុជាកាន់តែខិតជិតទៅដល់វេលាអបអរ និងប្រារព្ធពិធីបុណ្យប្រពៃណីជាតិ២ដ៏ធំ គឺ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដោយក្នុងកាលវេលានេះ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តទាំង តម្រូវឲ្យរៀបចំភ្លើងពណ៌ ពាក្យស្លោកជាដើមដើម្បីអបអរ។ នេះបើតាមការជូនដំណឹងរបស់គណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ។
បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូន ជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់ លោកខាងមុខ។
ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឳពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ដោយឡែក បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុង មួយឆ្នាំមានតែម្ដង មានរយៈពេលកំណត់តែ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទាន មានផលានិសង្សខ្ពស់ទាំងទាយកទាយិកា និងទាំងបដិគ្គាហកៈ ជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។
ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចនឹងទទួល បាននូវសម្ភារថវិកា សម្រាប់បម្រើការកសាងទីសេនាសនៈនៅក្នុងវត្ត មានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភ ដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចថែមទៀត។
ឆ្នាំនេះ កឋិនទាន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងកាលវេលានេះ ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឱ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ ៖ ១- គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យទាំងពីរ ខាងលើឱ្យបានជ្រួតជ្រាបទូលំទូលាយ និងបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលជូនមន្ត្រីរាជការ ក្រោមឱវាទ បានចូលរួមបំពេញកុសលជាប្រពៃណី នៅតាមវត្តអារាមឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំង បានជួបជុំឪពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា។
-ត្រូវតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រោងចក្រ សហគ្រាស សាលារៀន តាមសួនច្បារទីសាធារណៈ និងតាមគេហដ្ឋានប្រជាពលរដ្ឋ។
ក្រៅពីនេះ ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតមាន ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា អាជ្ញាធរមូលដ្ឋានជាដើម ក៏តម្រូវឲ្យអនុវត្តកិច្ចការអាទិភាពរបស់ខ្លួន សម្រាប់ឱកាសបុណ្យប្រពៃណីជាតិដ៏ធំទាំង២នេះដែរ៕