Mitsubishi នឹង​ផលិត​រថយន្ត Hybrid នៅថៃ​ ដើមឆ្នាំក្រោយ ក្នុងនោះ Xpander នឹងក្លាយ​ជាម៉ូឌែលមុនគេ

  • 2023-08-16 02:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mitsubishi Motors នឹង​ចាប់ផ្តើម​ផលិត​រថយន្ត​ប្រភេទ​ Hybrid ក្នុងប្រទេសថៃ នៅ​ដើមឆ្នាំ​២០២៤ខាងមុខ ហើយ​នេះ​ក៏​ជាលើកដំបូង​ផងដែរ ដែល​ Mitsubishi ផលិត​រថយន្ត​ប្រភេទនេះ នៅក្រៅប្រទេសជប៉ុន។

ក្រុមហ៊ុន Mitsubishi ប្រចាំ​នៅថៃ នឹង​ផលិត​រថយន្តម៉ូឌែល Xpander ប្រើ​ម៉ាស៊ីន Hybrid មុនគេ​បង្អស់ ដែល​ម៉ូឌែល​នេះ បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងចំនួន​លក់​របស់​ Mitsubishi។ លើសពីនេះ ក្រុមហ៊ុន​ក៏នឹង​នាំយក Xpander Hybrid នេះ ទៅលក់​នៅ​ប្រទេស​រីកចម្រើនថ្មីៗ អាស៊ីអាគ្នេយ៍ និងមជ្ឈឹមបូព៌ាផងដែរ។

តាម​ផែនការ​របស់​ក្រុមហ៊ុនជប៉ុន​មួយនេះ គឺនឹង​លក់​រថយន្តប្រភេទ Hybrid ឱ្យបាន​ ៥០% នៅលើ​ពិភពលោក ត្រឹមឆ្នាំ​២០៣០ និង​បញ្ឈប់​ការលក់​រថយន្ត​សាំងទាំងស្រុង​នៅឆ្នាំ​២០៣៥។ បច្ចុប្បន្ន​នេះ Mitsubishi កំពុងផលិតរថយន្ត​អគ្គិសនី និង Plug-in Hybrid ក្នុងប្រទេសជប៉ុន ចំណែក​រថយន្តសាំង និងម៉ាស៊ូត កំពុងផលិតនៅ​អាស៊ីអាគ្នយ៍ ដែល​ជាទីផ្សារដ៏សំខាន់។

គួររំលឹកថា កាលពីចុងខែកក្កដាកន្លងទៅ រថយន្ត Mitsubishi Triton 2024 ត្រូវបានប្រកាស​ចេញ​ និងដាក់លក់​ក្នុងប្រទេសថៃមុនគេបង្អស់ដោយមានតម្លៃចាប់ពី ២ម៉ឺន ដល់ ៣ម៉ឺនដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ។ វាបានផ្លាស់ប្តូររូបរាងថ្មីជាលើក​ដំបូង​ក្នុង​រយៈពេល ៩ឆ្នាំ។

រថយន្ត​នេះ​ប្រើ​ម៉ាស៊ីនម៉ាស៊ូត​ Hyper Power ចំណុះ ២,៤លីត្រ ដោយ​មកជាមួយជម្រើស៣ គឺទី១. ផលិតបានកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៣៣០ញូតុនម៉ែត្រ។ ទី២. ផលិតបានកម្លាំង ១៨១សេះ និងកម្លាំងរមួល ៤៣០ញូតុនម៉ែត្រ និង​ទី៣ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ៕

អត្ថបទ៖ សំភី