ដឹងទេ! កាលពីជាង ៥០០ឆ្នាំមុន លោក Christopher Columbus ធ្លាប់យករឿងចន្ទគ្រាស មកបំភ័យគេ ដើម្បីបានរស់
- ពុធ, 16 សីហា 2023 03:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ! កាលពីជាង ៥០០ឆ្នាំមុន លោក Christopher Columbus ធ្លាប់យករឿងចន្ទគ្រាស មកបំភ័យគេ ដើម្បីបានរស់
ចន្លោះមិនឃើញ
លោក Christopher Columbus ដែលជាអ្នកធ្វើដំណើរផ្សងព្រេងឆ្លងសមុទ្ររុករកដែនដីថ្មីៗ កាលពីជាង ៥០០ឆ្នាំមុន គឺធ្លាប់បានយករឿងបាតុភូតចន្ទគ្រាស មកបន្លាចគេ ដើម្បីទទួលបានអាហារ ស្រោចស្រង់ជីវិតរបស់ខ្លួនឡើងវិញ។
នៅក្នុងខែកុម្ភៈ ឆ្នាំ១៥០៤ លោក Columbus បានជាប់គាំងនៅលើកោះមួយ ដែលបច្ចុប្បន្នជាប្រទេសចាម៉ៃកា ក្នុងតំបន់ការ៉ាប៊ីន (អាមេរិកកណ្តាល) ហើយពេលនោះអ្នករួមដំណើរជាមួយលោក បានចាកចេញពីលោក ហើយប្រជាជននៅលើកោះ បដិសេធមិនព្រមផ្តល់ស្បៀងអាហារឱ្យលោកឡើយ។
ស្ថានភាពរបស់លោកពេលនោះ គឺកាន់តែយ៉ាប់យឺនខ្លាំង ប៉ុន្តែលោកស្រាប់តែនឹកឃើញដល់ប្រតិទិនរបស់លោក ពោលគឺលោកបានដឹងថា នៅថ្ងៃទី ២៩ កុម្ភៈ ១៥០៤ ខាងមុខ បាតុភូតចន្ទគ្រាសនឹងកើតមានឡើង។
លោកបានឆ្លៀតយករឿងនេះ មកបន្លាចប្រជាជននៅលើកោះថា ព្រះអាទិទេពរបស់លោក កើតក្តីខឹងសម្បារយ៉ាងខ្លាំងចំពោះពួកគេដែលមិនព្រមផ្តល់ស្បៀងអាហារឱ្យលោក ហើយថាព្រះចន្ទនឹងរះឡើងពោរពេញដោយកំហឹង។
ការគិតរបស់លោក គឺមិនខុសទេ ពោលគឺនៅពេលយប់នោះមកដល់ ក៏មានបាតុភូតចន្ទគ្រាសកើតឡើងពិតមែន ព្រះចន្ទបានងងឹតហើយប្រែជាទៅក្រហម បង្កការភ័យខ្លាចដល់អ្នករស់នៅលើកោះ។ ពួកគេមានជំនឿទៅលើពាក្យសម្តីរបស់ Columbus ហើយយល់ព្រមផ្តល់ស្បៀងអាហារយ៉ាងច្រើនឱ្យលោកទៀតផង ដើម្បីសុំឱ្យព្រះអាទិទេពលើកលែងទោស៕
ប្រភព៖ History