គ្រឹះ និងបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី ភាគខាងត្បូងនៃប្រាសាទអង្គរវត្ត កំពុងត្រូវបានសង្គ្រោះ
- 2023-08-22 04:19:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឹះ និងបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី ភាគខាងត្បូងនៃប្រាសាទអង្គរវត្ត កំពុងត្រូវបានសង្គ្រោះ
ចន្លោះមិនឃើញ
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាកំពុងតែប្រឹងប្រែងជួយសង្គ្រោះដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។
បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក និងគ្រឹះរបស់វាត្រូវទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្មរបស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ។
លោកឱ្យដឹងទៀតថា ចាប់តាំងតែពីដើមខែកក្កដា មក ក្រុមការងារបានរុះរើបង្កាន់ដៃ និងក្បាលនាគនៅទីនោះជាបណ្ដោះអាសន្ន ក្រោយពីមានការឯកភាពពីអ្នកជំនាញការអាដហុក ហើយចាប់ពីដើមខែសីហានេះ ក្រុមការងារក៏បានចាប់ផ្ដើមរុះរើផ្ទាំងថ្ម ខឿនរបស់បង្កាន់ដៃនាគទីនោះដើម្បីរើថ្មក្រៀកចេញហើយសម្អាតកម្ទេចដីរួចដាក់ចូលទីតាំងដើមវិញ។
ក្រុមអ្នកជួសជុលឱ្យដឹងថា ក្នុងការងារជួយសង្គ្រោះបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីនាភាគខាងកើតនៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តនោះ គឺគេធ្វើការងារជាច្រើនទៅតាមបច្ចេកទេសដូចជា ត្រូវដកជាតិអំបិលចេញពីថ្មនៅតាមកន្លែងខ្លះ រីឯខ្លួននាគដែលបាក់បែក គឺត្រូវប្រើបច្ចេកទេសតភ្ជាប់និងផ្គុំថ្មឡើងវិញ ហើយត្រង់កន្លែងណាដែលបាត់បង់គឺត្រូវឆ្លាក់ថ្មថ្មីមកដាក់ជំនួស។ ចំណែកឯ ជើងទម្រនាគដែលបាក់បែក ក៏ត្រូវពង្រឹងឡើងវិញ ដើម្បីប្រែក្លាយពីហានិភ័យឱ្យទៅជាសុវត្ថិភាព។
បុរាណវិទូលោក សយ សុភារិន្ទ មានប្រសាសន៍ថាដើម្បីជួសជុលនិងជួយសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងកើតរបស់ប្រាសាទអង្គរវត្តត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រនោះឱ្យរឹងមាំឡើងវិញ គឺក្រុមការងារអាចនឹងចំណាយពេលប្រហែល៣ខែ។ បុរាណវិទូដដែលឱ្យដឹងទៀតថា បច្ចុប្បន្ននេះ គឺមានបង្កាន់ដៃនាគនៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាច្រើនកន្លែងកំពុងស្ថិតក្នុងហានិភ័យ ប៉ុន្តែពេលនេះ ក្រុមការងារបានចាប់ផ្ដើមជួសជុលគ្រឹះបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដីនាភាគខាងកើតនៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រមួយសិន បន្ទាប់ពីបញ្ចប់ជួសជុលបង្កាន់ដៃនាគនេះ គឺក្រុមការងារនឹងចាប់ផ្ដើមជួយសង្គ្រោះបង្កាន់ដៃនាគនៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាបន្តបន្ទាប់ទៀត៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា