កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលថ្មី​ នឹង​ជំរុញ​ការអភិវឌ្ឍ​ផ្លូវដែក ​និង​ការសាងសង់​រថភ្លើង​ធុនស្រាល​នៅភ្នំពេញ

  • 2023-08-25 02:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រាជរដ្ឋាភិបាល​ថ្មី នឹង​បន្តជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ និងដឹកជញ្ជូនបន្ថែមទៀត​ ដោយក្នុងនោះក៏ផ្តោតទៅលើ​ការដឹកជញ្ជូន​តាមផ្លូវដែកផងដែរ។

យោងតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបង្ហាញថា បណ្តាញ​ផ្លូវដែក​នៅកម្ពុជា​ដែលមានស្រាប់​នៅទិសពាយ័ព្យ និងនិរតី នឹង​ត្រូវបន្ត​អភិវឌ្ឍ ជួសជុល និងថែទាំ​ ដើម្បី​ពង្រីក​វិសាលភាព​នៃការដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ និងការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ​ព្រមទាំង​ធ្វើសមាហរណកម្មផ្លូវដែក​កម្ពុជា ទៅក្នុងប្រព័ន្ធ​ផ្លូវដែក​តំបន់​អាស៊ាន និងមហាអនុតំបន់មេគង្គ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នឹង​បន្តស្វែងរក​ដៃគូវិនិយោគ និងជំរុញ​ការសាងសង់​ប្រព័ន្ធ​រថភ្លើង​ធុនស្រាល នៅលើ​ខ្សែអាទិភាព​នៅរាជធានី​ភ្នំពេញ។

គួររំលឹកថា ថ្មីៗនេះគម្រោង​ផ្លូវដែក​ល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ត្រូវបាន​បញ្ចប់​ការ​សិក្សា​ហើយ ដោយ​មានប្រវែង ៣៨២គីឡូម៉ែត្រ គ្រោង​ចំណាយ ៤ពាន់លានដុល្លារ រយៈពេលសាងសង់៤ឆ្នាំ។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែល​ធ្លាប់​ជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រោម​គម្រោងនេះ ​គឺរដ្ឋាភិបាល​កម្ពុជា ចង់បាន​ការវិនិយោគ​ដោយឯកជន​ជាប្រភេទ BOT ឬ PPP ពោលគឺ​មិនចង់​ខ្ចីលុយ​ដែលមាន​តម្លៃរហូតដល់ ៤ពាន់លានដុល្លារនោះ​ទេ។

ចំពោះ​គម្រោងរថភ្លើងធុនស្រាលវិញ ឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់បានលើកឡើងដែរថា  រាជរដ្ឋាភិបាល កំពុងបន្តសិក្សាបន្ថែមផ្លូវរថភ្លើងក្រាមដីនិងរថភ្លើងធុនស្រាល ភ្ជាប់ពីរាជធានីភ្នំពេញ ទៅ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនិងផ្សារទំនើបអ៊ីអនមានជ័យ ខណៈដែលគម្រោងផ្លូវ រថភ្លើងលើអាកាសនិងក្រោមដី ក្នុងរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ៕

អត្ថបទ៖ សំភី