កម្ពុជា ទទួលបាន​គម្រោង​បង្កើត​រោងចក្រផលិត​ស៊ីម៉ងត៍​មួយទៀតហើយ ​នៅស្រុកឱរ៉ាល់

  • 2023-08-25 03:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បាន​ឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៣នេះថា ខ្លួន​បាន​សម្រេច​ចេញវិញ្ញាបនបត្រ​ចុះបញ្ជីគម្រោង​វិនិយោគ​ជូនដល់​ក្រុមហ៊ុន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED លើ​គម្រោងបង្កើតរោងចក្រផលិត​ស៊ីម៉ងត៍។

គម្រោង​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅភូមិ​មនោរម្យ ឃុំហោម​សំណង់ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ប្រមាណ ២៥៨លានដុល្លារ និង​អាច​បង្កើត​ការងារ​បានចំនួន ៤៦៨កន្លែង។

សូម​ជម្រាប​ថា គម្រោង​រោងចក្រ​ស៊ីម៉ងត៍នេះ គឺ​ជាគម្រោងទី២ហើយក្នុងឆ្នាំ​២០២៣នេះ បន្ទាប់ពី​គម្រោង​រោងចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន Donfang Junma Cement Co., LTD ដែល​ស្ថិតនៅ​ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា សម្រេចយល់ព្រម​កាលពីខែមិថុនា។

គួរដឹង​ថា រោងចក្រ​ស៊ីម៉ងត៍ ដែល​កំពុងដំណើរការ​នៅកម្ពុជា រួមមាន រោងចក្រ​ស៊ីម៉ងត៍​កំពត ស៊ីមេន ខូអិលធីឌី មាន​ទីតាំង​នៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត, រោងចក្រ ស៊ីម៉ងត៍ កម្ពុជា ចក្រីទីង មានទីតាំង​នៅ​ក្រុងកំពត ខេត្តកំពត, រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន មានទីតាំង​នៅស្រុកបន្ទាយមាស ខេត្តកំពត, រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត នៅ​តំបន់​ភ្នំ​ដូនម៉ាយ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ខេត្ត​បាត់ដំបង និង​ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត នៅខេត្តកំពត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី