ពី​មុន​លំបាក​រឿង​កូន​ចៅ ឥឡូវ​ឯកឧត្តម​បណ្ឌិត ស្នើ​ឲ្យ​សិក្សា​លទ្ធភាព​បង្កើត​ទារកដ្ឋាន និង​មត្តេយ្យ​សហគមន៍​ទុក​ដាក់​កូន​តូចៗរបស់​កម្មករនិយោជិត

  • 2023-08-30 03:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​ថ្ងៃ​អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត​ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​​សិក្សា​លទ្ធភាព​បង្កើត​ជា​ទារកដ្ឋាន និង​មត្តេយ្យសហគមន៍​នៅ​ក្នុង​តំបន់​មាន​រោងចក្រ ដើម្បី​មើល​ថែ​រក្សា​កូន​តូចៗ​របស់​កម្មករ និយោជិត។

កិច្ចការ​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដឹក​នាំ​ដោយ​ឯកឧត្តម ហេង សួរ ត្រូវរាប់រងភារកិច្ច។ ឯកឧត្តម​បណ្ឌិត លើក​ឡើង​ថា "ក្រសួង​ការងារ ត្រូវ​សហការជាមួយ​ក្រសួងកិច្ចការនារី ក្រសួងអប់រំ និង​កីឡា តំណាង​ភាគីនិយោជក និង​តំណាង​ភាគី​កម្មករនិយោជិត រួម​គ្នា​សិក្សា​បង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅ​តាម​តំបន់​ដែល​មាន​រោងចក្រ ដើម្បី​ជួយ​ដល់កូន​ៗ​របស់​កម្មករ​នយោជិត"។

ថ្លែង​បែប​នេះ បន្ទាប់​ពី​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី បាន​មើល​ឃើញ​ពី​ការ​លំបាក​របស់​កម្មករ និយោជិត​ដែល​មាន​កូន​តូច ពិបាក​រក​អ្នក​ជួយ​មើល​ថែ​រក្សា។ ដូច្នេះ ឯកឧត្តម​បណ្ឌិត​ថា រាជរដ្ឋាភិបាល នឹង​បង្កើត​កន្លែង​សម្រាប់​ទទួល​មើល​ថែ​កូន​តូច​ៗ​ទាំង​នោះ​របស់​កម្មករ​និយោជិត ដោយ​ក្នុង​នោះ​ស្នើ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​សម្រប​សម្រួល និង​គួរ​ដាក់​ទារកដ្ឋាន និង​មត្តេយ្យ​សហគមន៍​ឲ្យ​ឆ្ងាយ​ពី​រោងចក្រ ចៀស​រង​ប៉ះពាល់​ពី​ផ្សែង ឬ​សារធាតុពល​ពី​រោងចក្រ។

តាម​ឯកឧត្តម​បណ្ឌិត មិន​ត្រឹម​តែ​ផែន​ការ​បង្កើត ទី​កន្លែង​មើលថែ​កូន​តូច​ៗ​របស់​កម្មករ និយោជិត ប៉ុន្តែ​រដ្ឋ ក៏​នឹង​គិត​ពី​ការ​រៀប​ចំ​របប​អាហារូបត្ថម្ភ​សម្រាប់​ទំពាំង​ដែល​ជា​អ្នក​ស្នង​មរតក​កសាង​ជាតិ​នា​ពេល​អនាគត​នោះ​ដែរ ក្នុង​ផែន​ការ​វែង​ឆ្ងាយ ប្រែ​ក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ ២០៥០។

"ទាំង​នេះ យើង​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង មិន​ត្រឹម​តែ​គិតពីមនុស្សចាស់ មិន​ត្រឹម​តែ​គិត​មនុស្សពេញវ័យ គឺ​គិត​តាំង​តែ​ពីកូន​ក្មេង​ឡើង ព្រោះ​ជា​អនាគត​របស់​យើង ហ្នឹង​ហើយ​គឺ​ជា​គោលនយោបាយ​ថ្មី​រដែល​ធ្វើ!”។

ជា​បន្ថែម​ទៅ​លើ​អ្វី​ដែល​ក្រសួង​ការងារ​ត្រូវ​ធ្វើ ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​ឲ្យ​ក្រសួង​នេះ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជំរុញ​កែលម្អ​កន្លែង​ហូប​បាយ ឬអាហារដ្ឋាន​នៅ​តាម​រោងចក្រ ដែល​កំពុង​ដំណើរ​ការ​ឲ្យ​បាន​សមរម្យ​ សម្រាប់​កម្មវិធី​សម្រាប់​និយោជិត នឹង​តម្រូវ​ឲ្យមាន​ការ​រៀបចំ​កន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់​រោងចក្រ​ដែល​បង្កើត​ថ្មី​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី