អ្វីទៅជាកិច្ចប្រជុំកំពូលអាស៊ាន?
- 2023-09-04 09:10:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីទៅជាកិច្ចប្រជុំកំពូលអាស៊ាន?
ចន្លោះមិនឃើញ
យោងតាមធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ធម្មនុញ្ញអាស៊ាន) បានបង្ហាញឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានត្រូវចូលរួមដោយប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋសមាជិក ដែលមាន១០ប្រទេសរួមមាន ប្រ៊ុយណ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
កិច្ចប្រជុំកំពូលអាស៊ានគឺ៖
១. ជាអង្គភាពរៀបចំគោលនយោបាយកំពូលរបស់អាស៊ាន
២. ពិគ្រោះយោបល់ ផ្តល់មាគ៌ានយោបាយ និងធ្វើការសម្រេចលើកបញ្ហាជាគន្លឹះដែលទាក់ទងទៅនឹងសមិទ្ធផលនៃគោលដៅរបស់អាស៊ាន បញ្ហាសំខាន់ៗដែលជាផលប្រយោជន៍របស់រដ្ឋសមាជិក និងរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធ តាមរយៈក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្រុមប្រឹក្សាសហគមន៍អាស៊ាន និងអង្គភាពថ្នាក់រដ្ឋមន្រ្តីជំនាញតាមផ្នែករបស់អាស៊ាន។
៣. ណែនាំរដ្ឋមន្រ្តីពាក់ព័ន្ធ ក្នុងក្រុមប្រឹក្សានីមួយៗ ឱ្យរៀបចំកិច្ចប្រជុំអាដហុកថ្នាក់អន្តរ-រដ្ឋមន្រ្តី និងដោះស្រាយបញ្ហាសំខាន់ៗដែលកើតមានឡើងក្នុងក្រុមប្រឹក្សាសហគមន៍។ វិធាននៃនីតិវិធីដំណើរការកិច្ចប្រជុំនេះ ត្រូវអនុម័ត ដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន។
៤. ដោះស្រាយស្ថានភាពបន្ទាន់ដែលប៉ះពាល់ដល់អាស៊ាន តាមរយៈការប្រើប្រាស់សកម្មភាពសមស្រប។
៥. សម្រេចបញ្ហាផ្សេងៗ ដោយអនុវត្តតាមជំពូកទី៧ និងទី៨ នៃធម្មនុញ្ញនេះ។
៦. អាចបង្កើត និងរំលាយចោលនូវអង្គភាពរដ្ឋមន្រ្តីជំនាញតាមផ្នែក និងស្ថាប័នអាស៊ានដទៃទៀត។
៧. តែងតាំងអគ្គលេខាធិការអាស៊ាន ដែលមានតំណែង និងឋានៈស្មើរដ្ឋមន្រ្តី ដែលត្រូវបម្រើការងារដោយទំនុកចិត្ត និងទទួលបានការពេញចិត្តពីប្រមុខរដ្ឋ/រដ្ឋាភិបាល តាមការស្នើឡើងដោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ានត្រូវរៀបចំឡើង ២ដង ក្នុង១ឆ្នាំ ក្នុងរដ្ឋសមាជិក ដែលទទួលបន្ទុកជាប្រធានអាស៊ាន និងក្នុងករណីចាំបាច់ ត្រូវរៀបចំកិច្ចប្រជុំពិសេស ឬកិច្ចប្រជុំអាដហុកក្រោមអធិបតីភាពនៃរដ្ឋសមាជិក ដែលទទួលបន្ទុកជាប្រធានអាស៊ាន នៅទីកន្លែងនៃកិច្ចប្រជុំនេះដែលកំណត់តាមការឯកភាពពីរដ្ឋសមាជិកអាស៊ានទាំងអស់៕