រកឃើញក្រុមហ៊ុនដំបូងដែលអាចផលិតរថយន្តបាន ១០លានគ្រឿងក្នុង១ឆ្នាំ
- 2023-09-11 03:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមហ៊ុនដំបូងដែលអាចផលិតរថយន្តបាន ១០លានគ្រឿងក្នុង១ឆ្នាំ
ចន្លោះមិនឃើញ
Toyota បានក្លាយជាក្រុមហ៊ុនទីមួយក្នុងពិភពលោក ដែលអាចផលិតរថយន្តជាង ១០លានគ្រឿងក្នុងមួយឆ្នាំ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣នេះ។
បច្ចុប្បន្ននេះ Toyota មានគោលដៅផលិតរថយន្តទាំងប្រេន Toyota និង Lexus ឱ្យបាន ៣,៤លានគ្រឿង នៅក្នុងទីផ្សារជប៉ុន កើនឡើង ៣០% និង ៦,៨លានគ្រឿងនៅទីផ្សារបរទេស កើនឡើងជិត ១០% បើប្រៀបធៀបនឹងឆ្នាំ២០២២។
ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៣នេះ Toyota បានបង្កើនផលិតកម្មដល់ចំនួន ៥,៧លានគ្រឿង កើនឡើង ១២%។
គួររំលឹកថា កាលពីឆ្នាំ២០២០ ផលិតកម្មរបស់ Toyota បានធ្លាក់ចុះដោយផលិតបានត្រឹម ៧,៩លានគ្រឿង ដោយសារកូវីដ-១៩ ដែលនាំដល់ការអាក់ខានផ្គត់ផ្គង់គ្រឿងបង្គុំ។ ប៉ុន្តែក្រោយពីកូវីដ បានធូរស្រាល ក្រុមហ៊ុននេះ បានផលិតដល់ចំនួន ៩,០២លានគ្រឿង កាលពីឆ្នាំមុន។ សម្រាប់គោលដៅឆ្នាំ២០២៥ Toyota គ្រោងសម្រេចការផលិតឱ្យបាន ១១លានគ្រឿង។
គួរដឹងថា ប្រភេទរថយន្តដែលជំរុញដល់ការលក់របស់ Toyota គឺរថយន្ត Hybrid ដែលមានចំណែក ៦០% នៃទីផ្សាររថយន្ត Hybrid ក្នុងពិភពលោក។ បើតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ GlobalData បានឱ្យដឹងថា តម្រូវការសាកលសម្រាប់រថយន្ត Hybrid រំពឹងថានឹងឈានដល់ ៨,០៦លានគ្រឿង ត្រឹមឆ្នាំ២០២៥៕