រកម៉ូយទេសចរថ្មី! នាយករដ្ឋមន្រ្តីថៃ សម្លឹងឃើញ​ទេសចរមកពីប្រទេសធំ១ទៀត បន្ទាប់ពីចិន

  • 2023-09-19 04:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីសិន​ បាន​សម្លឹងឃើញ​ទេសចរមកពី​ប្រទេសឥណ្ឌា ដែល​នឹង​ជំរុញ​ដល់វិស័យ​ទេសចរណ៍របស់​ប្រទេសថៃ បន្ទាប់ពីប្រទេសចិន។

លោក ស្រេតថា បាន​ឱ្យដឹងថា លោក​គ្រោង​នឹង​ធ្វើដំណើរទស្សនកិច្ចនៅប្រទេស​ឥណ្ឌា នៅក្នុងឆ្នាំ​២០២៣​នេះ ដើម្បីជួបសមភាគី​របស់លោក គឺ​នាយករដ្ឋមន្រ្តី​ ណារិនដ្រា មូឌី ក្នុងការពិភាក្សាគ្នា​លើ​ការបង្កើនជើងហោះហើរ​រវាងប្រទេស​ទាំងពីរ។

ថ្លែងក្នុងវេទិកា​មួយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៣ លោក ស្រេតថា បាន​លើកឡើង​ថា មកដល់ពេលនេះ ប្រទេស​ថៃ មិនទាន់​មាន​ជើងហោះហើរ​ច្រើនពី​ប្រទេស​ឥណ្ឌា​នៅឡើយ ដោយ​សារតែនយោបាយផ្ទៃក្នុង។

ដើម្បីជំរុញ​ទេសចរឥណ្ឌា ចូលមកក្នុងប្រទេស​កាន់តែច្រើន រដ្ឋាភិបាល​ថៃ នឹង​ពិចារណា​បន្ធូរបន្ថយពន្ធ​លើ​គ្រឿងអលង្ការដែលនាំចូលពី​ឥណ្ឌា សម្រាប់គោលបំណង​​រៀបចំអាពាហ៍ពិពាហ៍​របស់ជន​ជាតិ​ឥណ្ឌាក្នុងប្រទេសថៃ ខណៈ​ប្រទេស​នេះ​គឺ​ជាគោលដៅ​ដ៏ពេញ​និយម​សម្រាប់​ការរៀបចំពិធីបែបនេះ។ ជាមួយ​គ្នានេះ ការលើកលែងទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរឥណ្ឌា​ ក៏គ្រោង​នឹង​ធ្វើឡើង​ផងដែរ។

ការលើកឡើងរបស់​របស់​លោក ស្រេតថា​ ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​គណៈរដ្ឋមន្រ្តីថៃ បាន​សម្រេច​លើកលែងទិដ្ឋាការ​បណ្តោះអាសន្ន​សម្រាប់​ភ្ញៀវទេសចរចិន និង​កាហ្សាក់។ ភ្ញៀវមកពីប្រទេសទាំងពីរ អាច​ចូលប្រទេសថៃ ដោយមិនចាំបាច់​មានវីសា នៅចន្លោះ​ថ្ងៃទី២៥ កញ្ញា ដល់ ២៩ កុម្ភៈ ឆ្នាំ​២០២៤ ដោយ​អាចស្នាក់នៅ​បានយូរបំផុត ៣០ថ្ងៃ ក្នុងពេលចូលប្រទេសម្តង៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី