ណូម័រ រំលឹករឿងម៉ូតូកូនទាមួយជិះគ្នា ៣នាក់ ហើយថា ងួន សុបិន ជាអ្នកនៅពីក្រោយនាងជាង ១០ឆ្នាំមកនេះ

  • 2023-09-22 02:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីការិនី អន រ៉ាស៊ីសុមេត្ដា ហៅណូម័រ បានពញ្ញាក់អារម្មណ៍លោក ងួន សុបិន ក្នុងថ្ងៃខួបកំណើតកាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយអះអាងថាគិតទាំងឆ្នាំនេះទៀត នាងបានធ្វើវាចំនួន ១៣លើកហើយ ដើម្បីជាការតបស្នងនូវការជួយជ្រោមជ្រែងរបស់បងប្រុសទៅកាន់នាងជាង ១០ឆ្នាំ ក្នុងវិស័យសិល្បៈ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ណូម័រ និយាយថា រយៈពេលជាង ១០ឆ្នាំហើយដែលកម្សត់ អត់ងងុយជាមួយគ្នា ពោលតាំងពីម៉ូតូកូនទាមួយជិះគ្នាបីនាក់។ ឥឡូវមានគ្រប់យ៉ាងហើយ ទោះបីជារវល់យ៉ាងណាក៏មិនដែលភ្លេចគ្នា។ ណូម័របន្ដថា៖ “អគុណបងប្រុសដែលតែងតែតម្រង់ទិសប្អូនទាំងធម៌ក្ដៅធម៌ត្រជាក់ ព្រោះតែចង់ឲ្យប្អូនចេះតស៊ូរកលុយចាយ កសាងអនាគតដោយខ្លួនឯង”។

តាមរយៈសារបង្ហោះរបស់ ណូម័រ តារាកំប្លែងស្ងួត ងួន សុបិន មានថ្ងៃកំណើតនៅថ្ងៃទី២២ ខែកញ្ញា នេះ ប៉ុន្ដែណូម័រ និងមិត្ដសិល្បៈផ្សេងទៀតបានកាន់នំខួបកំណើតទៅពញ្ញាក់អារម្មណ៍លោកដល់ផ្ទះតាំងពីយប់មិញ។ ក្នុងពិធីនោះគេក៏ឃើញវត្ដមាន Dj kaka ដែលជាដៃគូសម្ដែងយ៉ាងសក្ដិសមជាមួយលោក ងួន សុបិន ព្រមទាំងសិល្បៈការិនីមួយចំនួនទៀត៕

ជិន សុភ័ក្ដ្រ