បានផ្លូវជិះស្រួលហើយ! តោះ​ឥឡូវ​មកស្គាល់​តំបន់​ទេសចរណ៍​សំខាន់ៗ​ក្នុងខេត្ត​កំពង់ឆ្នាំង

  • 2023-09-22 08:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ទៅខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ននេះ​គឺ​ងាយស្រួលណាស់​ដោយសារ​ផ្លូវជាតិ​លេខ៥ សាងសង់រួច​ដោយបានពង្រីក​ធំជាងមុន ធ្វើឱ្យរាជធានី-ខេត្តទាំង២ កាន់តែខិតជិត​គ្នា។

ការពិតទៅ ខេត្តកំពង់ឆ្នាំង មិនមែន​ត្រឹមតែជាខេត្តឆ្លងកាត់​សម្រាប់​អ្នកដំណើរ​នោះទេ ពោលគឺ​ខេត្តនេះ​ក៏សម្បូរ​ទៅដោយ​រមណីយដ្ឋាន​ជាច្រើនផងដែរ គ្រាន់តែថា រមណីយដ្ឋាន​ល្បីៗ​មានតែពីរបី​កន្លែងប៉ុណ្ណោះ។

ខេត្តកំពង់ឆ្នាំង​មានរមណីយដ្ឋាន​ជាច្រើនដូចខាងក្រោមនេះ៖

-ភ្នំក្រាំងដីមាសៈ ស្ថិតនៅ​តាមបណ្តោយ​ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្ត​ឃុំ​ស្វាយជ្រុំ និងឃុំស្រែថ្មី ស្រុករលាប្អៀរ។ ភ្ញៀវទេសចរ អាច​ជិះម៉ូតូ ឡាន តាមផ្លូវបេតុង ឡើងភ្នំនេះបាន ដោយ​នៅលើភ្នំនេះ មានវត្ត​មួយផងដែរ។

-ភ្នំនាងកង្រី: ស្ថិតក្នុង​ភូមិសាស្រ្ត​ឃុំពោធិ និងឃុំត្រងិល ស្រុកកំពង់លែង។ ភ្ញៀវទេសចរ​អាច​ទៅទស្សនា​ទាំងរដូវប្រាំង និងរដូវវស្សា ប៉ុន្តែ​ត្រូវឆ្លងទន្លេសាប​តាមកំពង់ផែទេសចរណ៍​នៅផ្សារក្រោម។

-ទឹកធ្លាក់​ថ្មក្រាល: ស្ថិត​ក្នុង​ឃុំជៀប ស្រុកទឹកផុស មាន​ចម្ងាយ​ប្រមាណ ៥៧គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវ​ទេសចរ​អាច​ទស្សនា​ ងូតទឹកកម្សាន្ត​ ក៏ដូចជា​ស្រស់ស្រូប​អាហារនៅទីកន្លែងមួយនេះ។

-ទឹកធ្លាក់ស្រែអំពិល: ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស មានចម្ងាយប្រមាណ ៥៨គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវ​ទេសចរអាចទៅទស្សនាលំហែកាយ  និងងូតទឹកលេង ជាមួយទឹកធ្លាក់ធម្មជាតិ​ដ៏​សែនត្រជាក់​ ។ ក្រៅពីនោះ ភ្ញៀវទេសចរអាចកម្សាន្ត នៅតំបន់ភ្នំដែលមាន​ទេស​ភាពស្រស់បំព្រង។

-ភ្នំព្រះធាតុ: ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ មាន ចម្ងាយប្រមាណ ៨៤ គ.ម. ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរ អាចទៅកម្សាន្តយ៉ាង​សប្បាយរីករាយលើថ្មស្រស់ស្អាត និងធំៗ រួម​ជាមួយ​នឹង​ម្លប់ឈើធំៗ ត្រជាក់ត្រឈឹង ត្រឈៃជាទីមនោរម្យ។ ​ពេលទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងបានទស្សនានូវទេសភាព វាលស្រែ បឹងបួរ ដើមត្នោតដ៏ស្រស់ត្រកាល។ ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធ និងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ។

-វត្តត្រឡែងកែង:  ស្ថិតនៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានចម្ងាយ​ប្រមាណ ៥១ គ.ម ពីក្រុងកំពង់ឆ្នាំង។ វត្តត្រឡែងកែងជា​វត្តដែលមានវ័យ​ចំណាស់ជាងគេនាយុគ្គសម័យលង្វែក ១៥២៥-១៥៩៥ មានឈ្មោះថា ព្រះវិហារមណ្ឌល កសាងឡើង​ក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា ១៥២៥-១៥៦៧ ដើម្បី​ឧទ្ទិសដល់ជ័យជំនះ​របស់ទ្រង់ ក្នុងការធ្វើសឹក     សង្គ្រាម​​​​ប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេច កន និង​​​ជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ។

ក្រៅពីនេះ ខេត្តកំពង់ឆ្នាំង​ក៏មាន​ប្រាសាទកំពង់ព្រះ ប្រាសាទស្រី ​ប្រាសាទសក្ល ឬប្រាសាទប្រុស ប្រាសាទពណ្ណរាយ ប្រាសាទភ្នំទេពី ភ្នំស្តេចសោយដោះ និងទំនប់តាកុយ ព្រមទាំងរមណីយដ្ឋានកំពង់ត្រឡាច។ ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំង​ក៏មាន​កន្លែងកម្សាន្ត​មួយចំនួនទៀត​ដែលវិនិយោគ​ដោយ​វិស័យឯកជនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

អត្ថបទ៖ សំភី