អ្នកស្រី កញ្ញា អ៊ឹម អតីតដៃគូសម្ដែងជាមួយ យសបូ វណ្ណៈ គ្រោងធ្វើសកម្មភាពមនុស្សធម៌ពីរកន្លែង នៅកម្ពុជា

  • 2023-09-22 09:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតដៃគូសម្ដែងMVជាមួយតារាប្រុសជើងចាស់ យសបូ វណ្ណៈ កាលពី២០ឆ្នាំមុន គឺអ្នកស្រី កញ្ញា អ៊ឹម នឹងធ្វើដំណើរពីសហរដ្ឋអាមេរិក មកដល់ស្រុកខ្មែរនាដើមខែតុលា ឆ្នាំ២០២៣ ដើម្បីធ្វើសម្មភាពមនុស្សធម៌ចំនួនពីរកន្លែងផ្សេងគ្នា នៅអំឡុងខែតុលា នេះ ពោលគឺនៅខេត្ដតាកែវ និងក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។

បន្ថែមលើសារបង្ហោះជូនដំណឹងតាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២២ ខែកញ្ញា នេះ អ្នកស្រី កញ្ញា អ៊ឹម ហៅ កញ្ញា គីមប៊ើលី ប្រាប់Sabay ថា អ្នកស្រី និងលោក វិឆ័យ នឹងចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីរៀបចំជាកញ្ចប់អំណោយចែកជូនពលរដ្ឋក្រីក្រនៅតំបន់ទាំងពីរ។

បើទោះបីជាអ្នកស្រី បានឃ្លាតឆ្ងាយពីមាតុភូមិទៅរស់នៅអាមេរិកជាង ៥០ឆ្នាំទៅហើយក្ដី ប៉ុន្ដែអ្នកស្រីថា នៅមានចិត្ដអារម្មណ៍នឹករលឹកស្រុកខ្មែរ ចង់ជួយប្រទេសកម្ពុជា ជាពិសេសពេលឃើញពលរដ្ឋខ្មែរមានភាពខ្វះខាតមួយចំនួនដែលត្រូវការជំនួយ ទើបអ្នកស្រីផ្ដួចផ្ដើមគំនិតនេះឡើង។

ចំពោះសកម្មភាពមនុស្សធម៌លើកនេះ អ្នកស្រីគ្រោងរៀបចំអំណោយសម្រាប់ពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ នៅខេត្ដតាកែវ។ រីឯកញ្ចប់អំណោយសម្រាប់ពលររដ្ឋនៅប៉ោយប៉ែតវិញ មិនទាន់ត្រូវបានអ្នកស្រីទម្លាយឲ្យដឹងនៅឡើយ។

ប៉ុន្ដែទន្ទឹមគ្នានេះ អ្នកស្រីក៏បង្ហើបថា អ្នកស្រីរីករាយទទួលស្វាគមន៍ពីសប្បុរសជនផ្សេងទៀត បើមានបំណងជួយដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត អាចចូលរួមជាមួយអ្នកស្រីដោយផ្ទាល់ក៏បាន។

បើតាមអតីតតារាសម្ដែងMV លើទឹកដីសហរដ្ឋអាមេរិក ជំនាន់លោក យសបូ វណ្ណៈ ជាច្រើនបទរូបនេះ សកម្មភាពមនុស្សធម៌បែបនេះ ត្រូវបានអ្នកស្រី និងតារាមួយចំនួនទៀតតែងតែធ្វើជាច្រើនឆ្នាំមកហើយ ហើយអ្នកស្រីនៅតែបន្ដធ្វើ ព្រោះអាណិត ស្រឡាញ់ប្រជាជនកម្ពុជា ហើយក៏ជាទឹកដីកំណើតរបស់អ្នកស្រីមិនអាចបំភ្លេចបានផងនោះ៕

ជិន សុភ័ក្ដ្រ