ថៃត្រៀម​ស្វាគមន៍​លុយ ៥ពាន់លាន​ដុល្លារ​ពីក្រុមហ៊ុន​​យក្ស​៣​របស់​អាមេរិក Tesla, Google និង Microsoft

  • 2023-09-25 02:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បាន​បញ្ជាក់​កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២៣​ ក្រោយត្រឡប់មកពីក្រុង​ញ៊ូវយ៉ក សហរដ្ឋអាមេរិក​ថា ប្រទេសថៃ​របស់លោក រំពឹង​ទទួលការវិនិយោគយ៉ាងហោច ៥ពាន់លានដុល្លារ​ពី​ក្រុមហ៊ុន Tesla, Google និង Microsoft។

បើតាម​លោក ស្រេតថា ក្រុមហ៊ុន Tesla នឹង​​វិនិយោគ​បង្កើតរោងចក្រ​ផលិតរថយន្ត​អគ្គិសនី ចំណែកឯក្រុមហ៊ុន Microsoft និង Google ស្វែងរកការបង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ។

តែ​យ៉ាងណាមិញ លោកមិនបញ្ជាក់​លម្អិតទេថា ទឹកប្រាក់ ៥ពាន់លានដុល្លារ​នោះ ជាការវិនិយោគ​របស់ក្រុមហ៊ុនទាំង៣បូកបញ្ចូលគ្នា ឬធ្វើឡើង​ដោយ​ក្រុមហ៊ុនរៀងៗខ្លួននោះទេ ហើយ​ក៏មិនទាន់មានការឆ្លើយតប​ពីក្រុមហ៊ុនយក្សអាមេរិក​ទាំង៣នេះដែរ។

គួរកត់សម្គាល់ថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីថៃរូបនេះ បាន​ជួបប្រជុំ​ជាមួយលោក Elon Musk អំពី​វិស័យ​ឧស្សាហកម្មរថយន្ត​អគ្គិសនី ខណៈប្រទេស​អាស៊ានមួយនេះ បាន​នឹង​កំពុងផ្តល់ការ​លើកទឹកចិត្តយ៉ាងខ្លាំង​ចំពោះ​ក្រុមហ៊ុនផលិតរថយន្ត​អគ្គិសនី និងអាគុយ ព្រមទាំង​បន្ធូរបន្ថយពន្ធចំពោះ​អ្នកទិញ​រថយន្ត​ប្រភេទ​នេះ​មកប្រើប្រាស់ផងដែរ។ លើសពីនេះ ជំនួបរវាងលោក Srettha និងលោក Elon Musk នេះ ក៏បង្ហាញ​ពីការប្រកួតប្រជែងរវាង​ប្រទេសថៃ និង​ប្រទេស​ក្នុងតំបន់​ផ្សេងទៀត ដូចជា ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ដើម្បី​អូសទាញ​ក្រុមហ៊ុន Tesla មកដាក់រោងចក្រ​ក្នុងប្រទេស​ខ្លួន។

គួរដឹងដែរថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ដែលកំពុង​លេចធ្លោខ្លាំង កំពុងសង់រោងចក្រ​នៅក្នុងប្រទេសថៃ ហើយគ្រោង​ប្រតិបត្តិការ​ចាប់ពីឆ្នាំ​២០២៤ ជាមួយ​សមត្ថភាពផលិត​ ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។

ក្រៅពីនេះ លោក ស្រេតថា ក៏បាន​ជួប​ជាមួយមេក្រុមហ៊ុនធំៗដូចជា Google, Microsoft, SpaceX, Goldman Sachs, JP Morgan និង Citibank ជាដើម៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សំភី