ក្រុមហ៊ុន​ឈីប​កូរ៉េ គ្រោង​ចាក់លុយ ១ពាន់​លានដុល្លារ វិនិយោគ​នៅ​វៀតណាម ក្រោយ​ទស្សនកិច្ច​របស់​ ចូ បៃឌិន

  • 2023-10-02 08:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ឈីប​កូរ៉េខាងត្បូង Hana Micron គ្រោងដាក់ទុន​វិនិយោគ ១ពាន់​លាន​ដុល្លារ ចូលក្នុងផលិតកម្ម​ឈីប​នៅ​ប្រទេស​វៀតណាម ត្រឹម​ឆ្នាំ​២០២៥ ដែល​នេះ​គឺ​ជា​រលកវិនិយោគ​លើឧស្សាហកម្មឈីបថ្មីមួយទៀត​​ក្នុង​ប្រទេស​កុម្មុយនីស្ត​មួយនេះ។

រោងចក្រ​នេះ នឹងដាក់នៅក្នុង​ខេត្ត Bac Giang ដើម្បីត្រៀម​សម្រាប់​ការ​ផលិតឈីប ខណៈ​ខេត្តនេះ​ក៏មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឱ្យ Apple ចំនួន៣ ផងដែរ។ រោងចក្រ​របស់ក្រុមហ៊ុននេះ នឹង​ដើរតួនាទី​សំខាន់​ក្នុងតំបន់ ព្រមទាំង​បង្កើត​ឱកាស​អូសទាញ​គម្រោង​បច្ចេកវិទ្យា​ជាន់ខ្ពស់​បន្ថែម​ទៀត ជាពិសេស​ប្រព័ន្ធអេកូ​នៃផលិតកម្មឈីប។

គួរ​កត់សម្គាល់​ថា ផែនការ​វិនិយោគ​នេះ ធ្វើឡើង​ក្រោយពេល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក បាន​ធ្វើទស្សនកិច្ច​នៅវៀតណាម កាលពីខែកញ្ញាកន្លងទៅ។ ក្នុងនោះ អាមេរិក បាន​សន្យាគាំទ្រ​វៀតណាម ក្នុងការអភិវឌ្ឍ​ឧស្សាហកម្មឈីបឱ្យក្លាយ​ជាអ្នកដើរតួនាទី​ជាអ្នកផ្គត់ផ្គង់​ឈីបសាកល​ដ៏សំខាន់ទៀតផង។

គួរដឹងថា ​រដ្ឋាភិបាល​វៀតណាម​ក៏បាន​ស្នើឱ្យ​ Samsung វិនិយោគ​បង្កើត​រោងចក្រ​ឈីប​ផងដែរ ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុនយក្សកូរ៉េនេះបដិសេធ ដោយសារ​ខ្លួន​បាន​វិនិយោគយ៉ាងក្រាស់ក្រែល​រួចមកហើយ​ក្នុងប្រទេស​នេះ។ ម្យ៉ាងទៀត ក្រុមហ៊ុនឈីបអាមេរិក ដូចជា Intel ជាដើម ក៏នឹង​ត្រៀម​ចូលវិនិយោគ​នៅវៀតណាម​៕

ប្រភព៖ Asia.Nikkei   ប្រែ​សម្រួល៖ សំភី