យប់មិញស្រែកផ្អើលពេញរោងកុន ដោយសាររឿង “ហ្វូតូកូពី”

  • 2023-10-04 03:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដបែបភ័យរន្ធត់ថ្មីមួយទៀតរបស់ផលិតកម្ម អិល ឌី ត្រូវបានសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្ដមានអ្នកនិពន្ធ អ្នកដឹកនាំរឿង ព្រមទាំងតារាសម្ដែងល្បីៗនៅផ្សារទំនើបអ៊ីឌិនហ្គាឌិន បឹងកក់ រាជធានីភ្នំពេញ។

អ្នកគ្រប់គ្រងទូទៅ នៃផលិតកម្ម អិល ឌី លោក លៀក លីណា ថ្លែងក្នុងឱកាសនោះថា ក្នុងនាមផលិតកម្មទាំងមូល ពិតជាមានសេចក្ដីរីករាយដែលជោគជ័យថ្មីៗបង្ហាញជាលទ្ធផលជាក់ស្ដែង ស្រមតាមគោលដៅផលិតកម្មដែលប្ដេជ្ញាចេញរឿងឲ្យបាន ១ខែ ចំនួន២រឿង ដើម្បីបម្រើអារម្មណ៍ទស្សនិកជនជាមួយចំណីអារម្មណ៍ថ្មី និងប្លែកៗ។

បើតាមអ្នកគ្រប់គ្រងរូបនេះ អិល ឌី បានបញ្ចេញរឿងនៅតាមរោងភាពយន្ដចំនួន ៩រឿងហើយ រាប់ទាំងរឿង “ហ្វូតូកូពី” ដែលបានសម្ពោធនៅពេលនេះ។ សម្រាប់ចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ផលិតកម្ម នឹងមានបញ្ចេញរឿងខ្នាតធំ ចំណាយទុនខ្ទង់លាន និងក្បែរលានដុល្លារយ៉ាងហោច ៣ ដើម្បីតម្រូវការទីផ្សារក្នុង និងក្រៅស្រុក។

ខ្សែភាពយន្ដ រឿង”ហ្វូតូកូពី” ជាស្នាដៃនិពន្ធរបស់លោក នួន ម៉ូលីន ដែលទស្សនិកជនភាគច្រើនបានទទួលស្គាល់ស្នាដៃលោកថាពិតជាល្អសម្រាប់រឿងបែបភ័យរន្ធត់។ ខ្សែភាពយន្ដនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះតទៅ។ ក្រោយបញ្ចប់ពិធីសម្ពោធខ្សែភាពយន្ដនេះ គេឃើញសិល្បករ-សិល្បការិនី ព្រមទាំងទស្សនិកជនជាច្រើន បានចូលទស្សនាខ្សែភាពយន្ដនេះ។ តាមរយៈខ្សែភាពយន្ដនេះ បានធ្វើឲ្យពួកគេជក់ចិត្ដ និងស្រែកពេញរោងកុន ពេលទស្សនាដល់ឈុតភ័យរន្ធត់ម្ដងៗ៕

ជិន សុភ័ក្ដ្រ