ថៃ បាញ់បង្ហោះ​ផ្កាយរណបជោគជ័យ! ដឹងអត់ នាយករដ្ឋមន្រ្តី​ថៃ និយាយបែបណាខ្លះ?

  • 2023-10-11 03:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កាយរណប​អង្កេត​ផែនដី​របស់​ប្រទេសថៃ ឈ្មោះថា Theos-2 ត្រូវបាន​បាញ់​បង្ហោះកាលពីថ្ងៃទី៧ ខែតុលា និងបាន​ចូលដល់គន្លងផែនដីដោយជោគជ័យ​នៅថ្ងៃទី៩ ខែតុលា។ ការបាញ់បង្ហោះ​នេះ​គ្រប់គ្រង​ដោយ​ភ្នាក់ងារអវកាស Gisda របស់​ថៃ ធ្វើឡើង​នៅមជ្ឈមណ្ឌលអវកាស​ក្នុង​តំបន់ French Guiana នៃអាមេរិកខាងត្បូង ។

ភ្នាក់ងារ Gisda បានឱ្យដឹងថា គម្រោងផ្កាយរណប Theos-2 គឺ​បាន​ធ្វើឱ្យប្រសើរឡើង​​នូវគុណភាព​នៃឧស្សាហកម្មអវកាស​ក្នុងប្រទេសថៃ។ ក្នុងនោះ មាន​មនុស្ស​ជាច្រើន ត្រូវបាន​បណ្តុះបណ្តាល​លើវិស័យ​អវកាសនេះ។

ជុំវិញ​ភាព​ជោគជ័យ​ជាប្រវត្តិសាស្រ្ត​នេះ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន បាន​បង្ហាញ​ក្តី​រីករាយ​មោទកភាព​យ៉ាងខ្លាំង និង​បាន​បញ្ជាក់ថា រដ្ឋាភិបាល​បាន​គាំទ្រ​ដល់​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត ជាយូរមកហើយ ដើម្បី​ឆ្ពោះទៅរកការអភិវឌ្ឍ​ប្រទេស​ និង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវគុណភាព​ជីវិត​របស់​ប្រជាជន។

លោក​បន្តថា ឆាប់​ៗនេះ​ទិន្នន័យ​ដែល​បង្កើត​ឡើង​ដោយ​ផ្កាយ​រណប Theos-2 នឹង​ផ្តល់​ផលចំណេញ​ដល់​ប្រទេស​ និង​កាត់បន្ថយវិសមភាព​ក្នុង​វិស័យ​ជាច្រើន ដូចជា កសិកម្ម ផែនការក្រុង ការគ្រប់គ្រង​ធនធានធម្មជាតិ បរិស្ថាន គ្រប់គ្រងទឹក គ្រោះធម្មជាតិ និង​សន្តិសុខជាតិ។

នាយករដ្ឋមន្រ្តីរូបនេះ ក៏បានកត់សម្គាល់ដែរថា ផ្កាយរណប Theos-2 គឺ​ជាផ្កាយរណប​ដែលបំពាក់​បច្ចេកវិទ្យាខ្ពស់បំផុត​នៅអាស៊ានជាមួយ​កម្រិតរូបភាព​ខ្ពស់ ដែល​អាច​អង្កេត​ឃើញ​វត្ថុ​ដែលមាន​ទំហំត្រឹមតែ ៥០សង់ទីម៉ែត្រ លើផែនដី។

លោក​ ស្រេតថា លើកឡើងបន្ថែមទៀតថា៖ «Theos-2 នឹង​ក្លាយ​ជាកត្តា​ដ៏សំខាន់​មួយ​ដែល​ជំរុញ​បច្ចេកវិទ្យា​របស់​ថៃ ​ហើយ​សេដ្ឋកិច្ច និងសង្គម នឹង​កាន់តែ​ប្រសើរឡើង»។

បើតាម​ភ្នាក់ងារ​អវកាស Gistda ឱ្យដឹងថា ផ្កាយរណប​ Theos-2 នឹង​ទៅ​បំពេញ​បេសកកម្មជំនួស Theos-1 ដែល​ឈានដល់​អស់​អាយុកាលប្រើប្រាស់ បន្ទាប់ពីបាញ់បង្ហោះ​កាលពីខែតុលា ឆ្នាំ​២០០៨៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី