កុនខ្នាតធំ «សង្សារ ១៤ ថ្ងៃ» របស់អ្នកនិពន្ធ សុខ ចាន់ផល នឹង​បង្ហាញ​មុខនៅរោងកុនជា​ផ្លូវការឆាប់ៗ

  • 2023-10-17 07:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្នាតធំ «សង្សារ ១៤ ថ្ងៃ» នឹង​បង្ហាញ​មុខនៅលើរោងកុនជា​ផ្លូវការនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនៅគ្រប់រោងភាពយន្ត។

ភាពយន្តនេះ ត្រូ​វ​បាន​ដកស្រង់ចេញពីរឿងប្រលោមលោកដ៏ល្បីដែលមានចំណងជើងដូចគ្នា ចេញពីស្នាដៃនិពន្ធរបស់ អ្នកនិពន្ធឆ្នើម សុខ ចាន់ផល ដោយ​បាន​សម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ រហូតក្លាយកេណ្ឌចិត្តអ្នកអាន​ជា​ច្រើន​នាក់ជាប់ចិត្តមិនធម្មតា។

ដោយសារសន្ទុះនៃការគាំទ្រច្រើនស្មានមិនដល់ ប្រលោមលោកនេះក៏ត្រូវ​បម្លែងទៅជា ភាពយន្តខា្នតធំ ដោយមានការ​ចូលរួម​សម្ដែង​ដោយ កញ្ញា ស៊ឹម ស្រីនិច្ច លោក ហូ សារៈ លោក សាន់នី លោក លី សុខណេត និងតារា​សម្ដែង​ជា​ច្រើនរូបទៀត។

អ្នកនិពន្ធ សុខ ចាន់ផល

ផ្ដល់បទសម្ភាសជាមួយនឹង​ក្រុមការងារ Sabay លោក សុខ ចាន់ផល បាន​ជម្រាបឲ្យដឹងថា ដំណើរការនៃការសរសេរប្រលោមលោក ត្រូវ​ចំណាយពេល​ច្រើនជាង ដោយសារត្រូវលម្អិតសាច់រឿងយ៉ាង​ស៊ីជម្រៅ ពោលគឺអ្នកនិពន្ធចាយពេល​ដល់ទៅកន្លះឆ្នាំ។

រីឯការថត​ជាភាពយន្តវិញ ក្រុមការងារក៏ត្រូវចាយពេល​ថតយូរខែដែរ ដើម្បីធ្វើយ៉ាងណា ធានាបាននូវគុណភាព និងបញ្ជាក់សាច់រឿងទៅតាមលំដាប់លំដោយ មិនឲ្យអ្នកទស្សនាពិបាកយល់នោះទេ ដែលនេះគឺជាការដឹកនាំដោយលោក បាន ឌីម៉ង់ និងផលិតដោយផលិតកម្ម ឥន្ទ្រិយហ្វីម

ទោះជាយ៉ាងណា ភាពយន្តខ្នាតធំ «សង្សារ ១៤ថ្ងៃ» គ្រោងនឹង​ចាក់បញ្ចាំងជាយូរមកហើយ តបតាម​តម្រូវការរបស់អ្នកគាំទ្រ ប៉ុន្តែដោយសារតែ​ពេល​នោះមាន​ការផ្ទុះឡើងនៃមេរោគរាតត្បាតកូវីដ ១៩ ទើប​ ក្រុមការងាររឿងទាំងមូលសម្រេចផ្អាកការចាក់បញ្ចាំងសិន។ រហូត​ដល់ពេល​នេះ​អ្វីដែល​គ្រប់គ្នាទន្ទឹងរង់ចាំបាន​មកដល់ហើយ ដោយភាពយន្តដ៏ល្អឯកនេះ នឹង​ចេញផ្សាយ​ជា​ផ្លូវការនៅគ្រប់រោងភាពយន្តល្បីៗក្នុងប្រទេស ចាប់ពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ​តទៅ៕

អត្ថបទ៖ ធារី

អត្ថបទថ្មី